ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ នឹងដឹកនាំគណៈប្រតិភូរបស់កម្ពុជា ចំនួន ៤៥ រូប មកពី ១៦ អង្គភាព ក្នុងនោះ ១៣ ក្រុមហ៊ុន និងតំណាងមកពីធនាគារARDB និងសហគ្រិនខ្មែរ(KE) ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាហារអន្តរជាតិ

ភ្នំពេញ: ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំគណៈប្រតិភូរបស់ប្រទេសកម្ពុជាចំនួន ៤៥ រូប មកពី ១៦ អង្គភាព ក្នុងនោះរួមមានក្រុមហ៊ុននាំចេញអង្ករដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៣ ក្រុមហ៊ុន និងតំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងសហគ្រិនខ្មែរ(KE) ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាហារអន្តរជាតិ ANUGA 2025 – International Foods Industry Trade Fair នៅប្រទេសអាឡឺម៉ង់។

ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការនាំចេញអង្ករកម្ពុជា តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំគណៈប្រតិភូរបស់ប្រទេសកម្ពុជាចំនួន ៤៥ រូប មកពី ១៦ អង្គភាព ក្នុងនោះរួមមានក្រុមហ៊ុននាំចេញអង្ករដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៣ ក្រុមហ៊ុន និងតំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហគ្រិនខ្មែរ (KE) ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាហារអន្តរជាតិ ANUGA 2025 – International Foods Industry Trade Fair ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់។ ។

ការចូលរួមពិព័រណ៍អាហារអន្តរជាតិ ANUGA International Foods Industry Trade Fair នេះ គឺជាការចូលរួមលើកទី ២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី ១ នៅក្នុងឆ្នាំ២០២៣។ សម្រាប់ការចូលរួមលើកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាជាតិរួមមួយយ៉ាងស្រស់ស្អាត ក្នុងទំហំចំនួន ៩៦ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅស្ដង់លេខ (STAND No-B-011/B-019) អាគារ 2.1 នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse, ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់។ នៅក្នុងការចូលរួមព្រឹត្តិការណ៍នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីក្រសួងពាណិជ្ជកម្ម យ៉ាងខ្លាំងក្លាផងដែរ។

ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន ១៣ ដែលនឹងចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ ANUGA International Foods Industry Trade Fair ស្ថិតក្រោមពន្លាសហព័ន្ធស្រូវ អង្ករកម្ពុជា រួមមាន៖

១ ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)
២ ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត
៣ ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អុីមផត អិចផត
៤ ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)
៥ ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត
៦ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី
៧ ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក
៨ ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍
៩ ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក
១០ ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល
១១ ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី
១២ ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូ អិលធីឌី
១៣ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ANUGA International Foods Industry Trade Fair ត្រូវបានបង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានព្រឹត្តិការណ៍នេះក៏មានការវិវត្តរីកចម្រើនជាច្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំមួយដ៏សំខាន់សម្រាប់ពិភពរបស់អ្នកជំនាញនិងអ្នកធ្វើការសម្រេចចិត្តលើការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

នៅក្នុងដំណើរចូលរួមកម្មវិធីនេះដែរ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នឹងចូលរួមធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពវិស័យស្រូវអង្ករកម្ពុជានៅក្នុងវេទិកា Eurofine Rice Conference 2025 និងដឹកនាំសមាជិកចូលរួមកិច្ចប្រជុំជាមួយ Sustainable Rice Platform SRP Global ស្តីអំពីដំណើការនៃ Cambodia SRP National Chapter ព្រមទាំងជួបពិភាក្សាជាមួយអ្នកនាំចូល និងចែកចាយអង្ករធំជាងគេនៅសហគមន៍អុឺរ៉ុប ( Euricom) ដែលមានទីស្នាក់ការនៅ ទីក្រុងមីឡាន ប្រទេសអុីតាលីផងដែរ។