ភ្នំពេញ:ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង នឹងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ ដែលរៀបចំដោយក្រុមហ៊ុន JTI (Cambodia)។ សិក្ខាសាលាខាងលើមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីអនុវត្តច្បាប់មកពីស្ថាប័នពាក់ព័ន្ធរួមមាន អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សរុបប្រមាណ ៨០រូប។
សិក្ខាសាលាខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញជូនអ្នកចូលរួមទាំងអស់អំពីការបង្ការបទល្មើសដែលអាចកើតមានឡើង និងនីតិវិធី វិធីសាស្រ្តក្នុងការស៊ើបអង្កេតកំណត់បទល្មើសបង្ហាញអំពីរបៀបនិងសកម្មភាពដែលប្រព្រឹត្តឡើងដោយឈ្មួញទុចរិត និងបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ អត្ថប្រយោជន៍ សុខភាពអ្នកប្រើប្រាស់ និងកត្តាផ្សេងៗទៀតជាយថាហេតុ ជាពិសេសគឺប៉ះពាល់ដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម ដោយស្របច្បាប់ និងអាចឈានទៅដល់ផលប៉ះពាល់ទៅលើបណ្តាវិនិយោគិន សហគ្រាសនានា និងអ្នកមានបំណងមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។



















