កំពត៖ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិល។

សម្រាប់វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងនៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ខេត្តកំពត ស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមប្រតិភូ គ្រូឧទ្ទេសតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។
ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានសហការគ្នាសម្របសម្រួល ជាមួយអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីរៀបចំនូវកម្មវិធីបើកវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះឡើង។
ឯកឧត្តម សាម៉ន បណ្ឌិត្យ បានចាត់ទុកថា ការតាម ដានសមិទ្ធកម្ម ផ្តោតលើការពិនិត្យនូវសូចនាករសមិទ្ធកម្ម គោលដៅ និងចំណុចសំខាន់ៗដែលមាន កំណត់នៅក្នុងគម្រោងសមិទ្ធកម្ម ដើម្បីជាមូលដ្ឋានក្នុងការរាយការណ៍អំពីសមិទ្ធកម្ម ឬលទ្ធផលដែល សម្រេចបានសម្រាប់ធ្វើជាសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតនីមួយៗ រួមជាមួយយន្តការនៃការរៀបចំ គម្រោងសមិទ្ធកម្ម របបប្រជុំតាមដានសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម នឹងផ្តល់លទ្ធភាពក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអាកាសចរណ៍ស៊ីវិល។
លើសពីនេះ ការរៀបចំនូវកម្មវិធី នៃវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាកាលានុវត្តភាពមួយស្របពេល ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយមហិច្ឆតា ពោរពេញដោយថាមពល និងជាក់ស្តែងនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដោយឈរលើឆន្ទៈ កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់ បានបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់ ទៅ លើការកែទម្រង់លើគ្រប់វិស័យ។
ជាពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាការដ្ឋានកែ ទម្រង់ស្នូលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យហិរញ្ញវត្ថុសាធារណៈឱ្យដើរតួរនាទីយ៉ាង សំខាន់ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអនុវត្តកម្មវិធីគោលនយោបាយ ជាតិ ដែលធានាចូលរួមឱ្យប្រទេសជាតិមាន ស្ថិរភាព សុខសន្តិភាព និងឯករាជ្យភាព ព្រមទាំងកាន់តែមាន ការអភិវឌ្ឍឈានឡើង ដើម្បីអាចសម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងសម្រេច បាននូវ ការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្មនៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិលនេះ ជាក់ជាមិនខាន ហើយនឹងក្លាយជាឧបករណ៍ប្រើប្រាស់ដ៏មានសារៈសំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ច ភាពប្រទាក់ក្រឡា និងការកំណត់បទដ្ឋាន ដើម្បីចង្អុលបង្ហាញ ការអនុវត្ត ការងារហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា និងការគ្រប់គ្រងឆ្ពោះទៅលទ្ធផល សំដៅ ដល់ការគ្រប់គ្រងឆ្ពោះទៅសម្រេចគោលបំណង គោលនយោបាយរបស់ រដ្ឋលេខាធិការដ្ឋានដែលបានដាក់ ចេញ។










