ភ្នំពេញះ លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានការអនុញ្ញាតពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានការសហការរវាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ដោយមានការចូលរួមពីលោក លោកស្រីតំណាងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ជាគ្រូបង្គោល លោកប្រធាន-អនុប្រធាន និងមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្ត ក្នុងការរកវត្តមានជំងឺ និងឆ្លើយតបបន្ទាន់លើជំងឺប៉េស្តជ្រូកអាហ្វ្រិក លទ្ធផលរំពឹងទុកអ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូបង្គោលក្នុងការបង្ការ រាយការណ៍ និងឆ្លើយតបជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយមានប្រសិទ្ធិភាព និងប្រសិទ្ធិផល តាមរយៈការចែករំលែកចំណេះដឹងជូនអ្នកពាក់ព័ន្ធដូចជា មន្រ្តីកសិកម្មឃុំ ភ្នាក់ងារសុខភាពសត្វភូមិ អាជ្ញាធរមូលដ្ឋាន ជាពិសេសកសិករចិញ្ចឹមជ្រូក សហគមន៍ចិញ្ចឹមសត្វ ពាណិជ្ជករ ម្ចាស់កន្លែងទីតាំងប្រមូលផ្តុំជ្រូក និងម្ចាស់សត្តឃាតដ្ឋាន។










