ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ ចេញញត្ដិគាំទ្រនិងអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួប្រទេសម៉ាឡេស៊ី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា នេះជាជំហានវិជ្ជមានដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជា តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងតួនាទី ស្គាល់របស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេស គំនិតផ្តួចផ្តើមនិងការផ្តល់ការគាំទ្រពេញទំហឹងរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាម៉េរិក ដែលបានជំរុញរហូតឈានសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាចង់បាន។
ជាមួយគ្នានេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់សាធារណរដ្ឋ ប្រជាមានិតចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការចរចាស្វែងរកសន្តិភាពដ៏មានតម្លៃនេះ។
សន្តិភាព គឺទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបាន គង់វង្ស។
កម្ពុជា និងថៃជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាន នូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការឱ្យតម្លៃ គ្នាទៅវិញទៅមក ការយោគយល់គ្នាការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។
យើងខ្ញុំទាំងអស់គ្នាមានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាមិត្ត សហគមន៍អាស៊ាន សហគមន៍ អន្តរជាតិ និងដៃគូនានានឹងបន្តគាំទ្រចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងវិលទៅរកប្រក្រតីភាពឡើងវិញរវាង កម្ពុជា-ថៃ ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះ។