(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) និង ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកាតំណាងពីអន្ដរក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មតាមខេត្តគោលដៅ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា តំណាងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន និងភាគីពាក់ព័ន្ធ សរុបចំនួន ៧៥ នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុសាសន៍បន្ថែមលើការរៀបចំសេចក្ដីព្រាងរបាយការណ៍វាយតម្លៃនៃការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់ តែមានភាពច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រាយ។
សូមគោរពជម្រាបថា គោលនយោបាយជាតិនេះ មានសូចនាករតាមដានការងារអនុវត្តរួមសំខាន់សរុបចំនួន ២៧ ដែលគាំទ្រដោយសកម្មភាពសំខាន់ៗសរុបចំនួន ១១៤ តាមវិស័យពាក់ព័ន្ធ ដោយមានការចូលរួមអនុវត្តពីអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធសរុបចំនួន ១៨។ ក្នុងឆ្នាំ ២០២៥ គឺជាឆ្នាំចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិនេះ ដែលក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានក្រុមការងារអន្តរស្ថាប័ននេះ មានភារកិច្ចសម្របសម្រួលជាមួយអន្ដរក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងរៀបចំការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ក្នុងគោលបំណងរៀបចំរបាយការណ៍លទ្ធផល និងសេចក្តីសន្និដ្ឋានរួម និងដាក់ជូនក្រុមការងារអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការ និងទិសដៅបន្ទាប់ក្នុងការបន្តជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕











