ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្កនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

គម្រោងមានគោលដៅពង្រីកវិសាលភាពទៅតំបន់នានា ទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

គម្រោងនេះ បានចាប់ផ្តើមសាងសង់ផ្ទះសំណាញ់ នាដើមឆ្នាំ២០២៥ និងបានចាប់ផ្ដើមដាំដុះបន្លែបានពេញលេញ នៅអំឡុងឆមាសទី១ ឆ្នាំ២០២៥។ បច្ចុប្បន្ននេះ គម្រោងទទួលបានកសិករក្រីក្រចូលរួមចំនួន ១៣ គ្រួសារ និងមានផ្ទះសំណាញ់សរុបចំនួន ៥២ខ្នង  សម្រាប់ដាំដុះបន្លែសុវត្ថិភាព ស្របតាមបច្ចេកទេស និងការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះក្នុងវិស័យកសិកម្ម។

នៅក្នុងខែតុលា ឆ្នាំ២០២៥ នេះ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួន ៩ មុខ រួមមាន៖ ខាត់ណាដើមកំប៉ោង, ខាត់ណាផ្កាលឿង, ខ្នែងស្ពៃក្ដោប, ស្ពៃក្ដោប, ស្ពៃក្រញ៉ាញ់, ស្ពៃតឿ, ខាត់ណាផ្កាខៀវ, ត្រសក់ផ្អែម និងម្ទេសហាវៃខៀវ ដោយទទួលបានបរិមាណផលសរុបចំនួន ៧ ១៥២ គីឡូក្រាម និងគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ កសិករប្រមូលផលបានសរុបចំនួន ៣៥ ៣៤២ គីឡូក្រាម។