ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើថៃប្រកាសសង្រ្គាមជាឯកតោភាគី ជារដ្ឋបែបណា?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងពីទីក្រុងរ៉ូមប្រទេសអ៊ីតាលីមកថា នៅថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥នេះ ចំពោះទង្វើរបស់លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល -Anutin Charnvirakul ដែលបានប្រកាសសង្រ្គាមក្ដែងៗជាឯកតោភាគី និងបានទាត់ចោលស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងគូទ្បាទ្បាំពូរ ហើយបានប្រើប្រាស់យន្ដហោះចម្បាំងF16, បាញ់ផ្សែងពុល និងអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ បាញ់ស្រោចមកលើប្រជាជនកម្ពុជាស្លូតត្រង់យ៉ាងសន្ធោសន្ធៅ និងបានកំទេចផ្ទះសម្បែងព្រមទាំងអាគារស៊ីវិលជាច្រើនដែលបណ្ដាលឲ្យមានការស្លាប់ និងរបួសជាច្រើននាក់ យ៉ាងអណោចអធមនិងខ្លោចផ្សាធ្វើឲ្យសាធារណៈមតិជុំវិញពិភពលោក សម្ដែងការភ្ញាក់ផ្អើល និងហួសចិត្ដ។

ទង្វើរបស់ថៃបែបនេះ គឺត្រូវបានចាត់ទុកថា បានប្រព្រឹត្តអំពើឈ្លានពានមកលើកម្ពុជាទាំងកំរោលដែលមិនអាចប្រកែកបាន ជាឧក្រិដ្ឋកម្មសង្រ្គាមដ៏ធ្ងន់ធ្ងរបំផុតក្រោមច្បាប់អន្តរជាតិ នឹងត្រូវទទួលការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ព្រោះទង្វើប្រកាសសង្រ្គាមជាឯកតោភាគី -Unilateral Declaration of War នេះ ជាសកម្មភាពដែលរដ្ឋមួយប្រកាសសង្រ្គាមលើរដ្ឋមួយទៀតដោយគ្មានការចូលរួម ឬការអនុញ្ញាតពីស្ថាប័នអន្តរជាតិ អ.ស.ប.។
លោក រ័ត្ន សណ្តាប់ បន្ដថា ធម្មនុញ្ញ អ.ស.ប. សមាជិកទាំងអស់ត្រូវតែបដិសេធ ពីការគំរាមកំហែងក្នុងការប្រើប្រាស់កម្លាំងយោធា រួមទាំងការប្រកាសសង្រ្គាមជាឯកតោភាគី។ ហេតុនេះ​ការប្រកាសសង្គ្រាមជាឯកតោភាគី ដែលមានបំណងឈ្លានពាន ឬបង្កាច់បង្ខូចបូរណភាពរដ្ឋដទៃ គឺផ្ទុយពីច្បាប់អន្តរជាតិដែលបានចែង។ ​ការអាចប្រើប្រាស់កម្លាំងស្របច្បាប់របស់រដ្ឋ មានតែករណីពីរគត់ដែលត្រូវបានអនុញ្ញាតគឺការការពារខ្លួនឯង-Self-Defense និងមានការអនុញ្ញាតពីស្ថាប័នអន្តរជាតិ អ.ស.ប.ប៉ុណ្ណោះ។
ដូច្នេះទង្វើនៃការប្រកាសសង្គ្រាមជាឯកតោភាគី​របស់ថៃ ក្នុងការប្រើប្រាស់កម្លាំងយោធា ឈ្លានពានមកលើបូរណភាពដែនដីកម្ពុជាទាំងកំរោលនាពេលនេះ គឺកម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការការពារខ្លួនតាមគ្រប់មធ្យោបាយនិងច្រកល្ហកដើម្បីនាំខ្លួនមេដឹកនាំ ឬបុគ្គល ដែលដឹកនាំការរៀបចំផែនការឈ្លានពានដ៏កម្រោលនេះ ទៅកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ – ICC ពីបទឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពាន៕