(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃសុក្រទី១២ ខែធ្នូ ឆ្នាំ២០២៥នេះបាន រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «សិក្ខាសាលាពិគ្រោះយោបល់ លើការវាយតម្លៃរបាយការណ៍វិភាគលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីរៀបចំជាសេចក្តីព្រាងស្តីពីផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារ» សិក្ខាសាលាថ្នាក់ជាតិនេះ បានរៀបចំឡើងនៅអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានសមាសភាពចូលរួមពី ទីប្រឹក្សាក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញម្ហូបអាហារ និងកសិកម្ម (FAEA) លោក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. លោកប្រធាននាយកដ្ឋាន លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងគុណភាពសុវត្ថិភាព ម្ហូបអាហារ ប្រមាណ ៤០រូប។
សិក្ខាសាលាថ្នាក់ជាតិនេះ មានគោលបំណងប្រមូលធាតុចូលលើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ក្រោយការធ្វើបទសម្ភាសពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំនូវសេចក្តីព្រាងស្តីពីផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារ។



































