ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមបណ្តាញកសិករតេជោ និងសមាគមកាហ្វេកម្ពុជា ជួបប្រជុំគ្នា ជំរុញវិស័យដំណាំកាហ្វេនៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥នេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកនាំកិច្ចប្រជុំមួយជាមួយសមាគមកាហ្វេកម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍន៍វិស័យដំណាំកាហ្វេ ដោយជំរុញការដាំដុះក្នុងប្រទេសកម្ពុជា។

១-តួនាទីស្នូល និងចក្ខុវិស័យរបស់សមាគមបណ្តាញកសិករតេជោ
ក្នុងឱកាសនេះ លោកបណ្ឌិត កៅ ថាច បានលើកឡើងអំពីសាវតា និងបេសកកម្មរបស់សមាគមបណ្តាញកសិករតេជោ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈតួនាទីស្នូលសំខាន់ៗចំនួន ៣៖
* ទី១. ជាស្ពាន៖ ផ្ដល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេសដល់ប្រជាកសិករ។
* ទី២. ចម្លងសំឡេង៖ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច។
* ទី៣. ជាខែល ឬឆ័ត្រ៖ ការពារផលប្រយោជន៍ប្រជាកសិករ មិនឱ្យមានការរំលោភបំពាន ឬគៃចំណេញណាមួយឡើយ។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងក្នុងលក្ខណៈយូរអង្វែង ដោយចងក្រងជាបណ្ដាញពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដើម្បីជួយកសិករ ជាពិសេសគឺជួយជា ឥណទានជាទុនបង្វិល។ លោកបានសង្កត់ធ្ងន់ថា កាហ្វេ ជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់។

២-សកម្មភាពសមាគមកាហ្វេកម្ពុជា និងការជំរុញគុណភាពកាហ្វេ
សមាគមកាហ្វេកម្ពុជា ក៏បានលើកឡើងពីសកម្មភាពរបស់ខ្លួនក្នុងការជួយគាំទ្រដល់វិស័យដំណាំកាហ្វេកន្លងមក ដូចជា៖
* ការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការដាំកាហ្វេ។
* ការបណ្តុះបណ្តាលបច្ចេកទេសដល់អ្នកប្រមូលទិញ និងអ្នកផលិត ឱ្យបានស្របតាមស្តង់ដារគុណភាព និងទទួលបានតម្លៃខ្ពស់។

សមាគមនេះបានចូលរួមយ៉ាងសកម្ម និងមានការប្តេជ្ញាចិត្តខ្ពស់ ដោយដើរតួនាទីជាខ្សែចង្វាក់តម្លៃ (ដាំដុះ ផលិត ដើម្បីលក់) និងបានអះអាងថា កាហ្វេ ជាដំណាំងាយស្រួលដាំ មានទីផ្សារ និងតម្លៃខ្ពស់។ បច្ចុប្បន្ន សមាគមកាហ្វេក៏កំពុងរៀបចំចងក្រងជាសៀវភៅសម្រាប់ចែកជូនប្រជាកសិករអំពីបច្ចេកទេសថែទាំដំណាំកាហ្វេឱ្យបានទិន្នផលខ្ពស់ផងដែរ។

៣-ទិសដៅសម្រាប់អនាគត និងយុទ្ធសាស្ត្រជាតិ
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត កៅ ថាច បានបំផុសគំនិតក្នុងការ៖
* រៀបចំ ផែនទីចង្អុលបង្ហាញ លើតំបន់ដែលអាចដាំដុះកាហ្វេបានក្នុងប្រទេសកម្ពុជា។
* ជំរុញការផ្សព្វផ្សាយឱ្យកាន់តែច្រើនពីដំណាំដែលមានសក្កានុពលដល់សេដ្ឋកិច្ច។
* ជំរុញសិក្សាពី នាវានុវត្ត (ចរិកលក្ខណៈ) នៃដើមកាហ្វេ សម្រាប់ការថែទាំកាន់តែមានប្រសិទ្ធភាព។

អង្គកិច្ចប្រជុំបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសកម្មភាព និងកិច្ចសហការរបស់សមាគមទាំងពីរ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យដំណាំកាហ្វេនៅកម្ពុជា ឱ្យរីកចម្រើន និងឆ្ពោះទៅរកចីរភាព។ សមាគមបណ្តាញកសិករតេជោ និងសមាគមកាហ្វេកម្ពុជា នឹងមានការសហការគ្នាក្នុងការជំរុញកាហ្វេជាផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖
061 934 566 / 010 934 566
Telegram Channel:
https://t.me/techofna
#សមាគមបណ្តាញកសិករតេជោ #កសិករខ្មែរ