តាកែវ៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានបញ្ជាក់ដែរថា ប្រសិនអាជ្ញាធរមូលដ្ឋាន ស្រុក ក្រុង ណាដែលចាប់បានឡានដឹកជ្រូក ខុសច្បាប់នៅក្នុងមូល ដ្ឋានរបស់ខ្លួននោះ នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន១លានរៀល ពីអភិបាលខេត្តផ្ទាល់តែម្ដង។
លោកអភិបាលបានសំណូមដល់ បងប្អូនប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានមួយចំនួន សូមកុំច្នៃប្រឌិត ផ្តិត យករូបភាព ពីកន្លែងផ្សេង ហើយមកវាយប្រហារ វាមិនបានផលអ្វីទេ មានតែការចូល រួមទេទើបទទួលបានជោគជ័យទាំងអស់គ្នា។
លោកវ បានបន្តថា (មានតែការសហការចូលរួមទេ ទើបទទួលបានជោគជ័យ។ ជនអគតិ គេគិតតែប្រយោជន៍ផ្ទាល់ខ្លួន គេមិនបាន គិតពីផលប៉ះពាល់ដល់សុខភាពសាធារណទេ។ ដូច្នេះមានតែកិច្ចសហការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និងជាពិសេស បងប្អូនប្រជាពលរដ្ឋយើង ។ សូមអរគុណ )។
លោកអភិបាលខេត្តតាកែវ អ៊ូច ភា ក៏ធ្លាប់បានថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺ ប៊េស្ដជ្រូកអាហ្វ្រិក នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តតាកែវ ដោយបានថ្លែងនៅចំពោះ គណៈអភិបាលស្រុក ក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធថា ប្រសិនបើលោកពិនិត្យឃើញថា មានអាជ្ញាធរមូលដ្ឋានណា មានការពាក់ព័ន្ធ ទៅនឹងករណីនាំសត្វជ្រូកចូលតាមច្រករបៀង ដោយខុសច្បាប់ ស្រុកនោះគឺជាអ្នកទទួល ខុសត្រូវចំពោះមុខច្បាប់ ជាពិសេសអាចនឹងត្រូវដកតំណែងចេញតែម្តង ។
សូមបញ្ជាក់ថា ក្រោយពីមានករណីជ្រូកងាប់ជាច្រើននៅក្នុងខេត្តតាកែវ ជាពិសេសជ្រូកដែលបងប្អូនប្រជាកសិករចញ្ចឹមនៅក្នុងឃុំព្រៃផ្គាំ និងឃុំពន្លៃ ក្នុងស្រុកអង្គបូរី។ ជុំវិញពាក់ព័ន្ធទៅនិងករណីជ្រូកងាប់នេះ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឲ្យដឹងថា បន្ទាប់ពីមានករណីជ្រូកងាប់នៅក្នុងស្រុកអង្គបូរី មន្ត្រីបសុព្យាបាលខេត្តបានចុះទៅបាញ់ថ្នាំសម្លាប់មេរោគ និងបានយកឈាមជ្រូកទៅវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ក៏ប៉ុន្តែជាលទ្ធផលបានបង្ហាញថា ករណីជ្រូកងាប់នេះមិនមែនបណ្ដាលមកពីជំងឺប៉េសអាហ្វ្រិកនោះទេ៕