មណ្ឌលគិរី៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្តាញព័ត៍មានក្នុងស្រុកថា កម្លាំងកងរាជអាវុធហត្ថ ពិតជាបាន ឃាត់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ៣នាក់ ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តមណ្ឌលគិរីប្រាកដមែន។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បាបន្ថែមថា «យើងបានឃាត់ខ្លួន មនុស្ស ៤នាក់ រួមមាន ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន, មេការក្រុមហ៊ុន ២នាក់ និងអ្នកបើករថយន្តម្នាក់។ នៅក្នុងប្រតិបត្តិការនោះ យើងក៏បានដកហូតរថយន្តដឹកឈើជាង ៤០គ្រឿង ដែលយើងនឹងកម្ទេចចោល ដោយកាត់ជាពីរកំណាត់នៅនឹងកន្លែង។ ជានីតិវិធីបន្ទាប់ យើងនឹងបន្តរុករករថយន្តដឹកឈើនៅក្នុងព្រៃបន្ថែមទៀត ហើយនៅពេលរកឃើញ យើងនឹងដាក់ម្សៅ TNT បំផ្ទុះរថយន្តទាំងនោះចោលនៅនឹងកន្លែងទាំងអស់តែម្តង»។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនរឿងនេះទៅតុលាការ ប៉ុន្តែមិនទាន់ដឹងថា បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ឬក៏តុលាការក្រុងភ្នំពេញ នោះទេ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេញនូវវិធានការ តឹងរ៉ឹងម៉ឺងម៉ាត់ និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានអំពាវនាវ ឲ្យក្រុមហ៊ុនដែល កំពុងរកស៊ីខុសច្បាប់ ក្នុងឧក្រិដ្ឋព្រៃឈើទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មមួយនេះនឹងបន្តធ្វើទូទាំងប្រទេស៕