ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម»

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រទី៦ ខែមករាឆ្នាំ២០២៦នេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលរៀបចំឡើងដោយសមាគមបណ្តាញកសិករតេជោ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមសហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក-សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង ១០០ នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង
ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ
ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ្នកប្រមូលទិញ), អ្នកផលិត (កសិករ) និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ)
ទី៣-គោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គាំទ្រលើយន្តការត្រីភាគី និងការផ្តល់ឥណទានគំាទ្រដល់អ្នកផលិតក្នុងខ្សែច្រវ៉ាក់តម្លៃផលិតកម្ម​ ផ្អែកលេីផលិតកម្ម​ និងលំហូរសាច់ប្រាក់ឆ្លងតាមរយ:ធនាគារ
ទី៤-បង្កើតភាពជាដៃគូក្នុង និងក្រៅបណ្តាញកសិករតេជោ ជាដើម។

ថ្លែងនាឱកាសនេះ លោកបណ្ឌិត កៅ ថាច បានគូសរំលេចអំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកន្លងមកតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងគាំទ្រផ្នែកហិរញ្ញប្បទានដល់វិស័យកសិកម្ម និងប្រជាកសិករតាមទីជនបទ។ លោកបណ្ឌិត កៅ ថាច បានបន្តថា កន្លងមកកសិករយើង ធ្វើកសិកម្មដើម្បីតែបំពេញឆ្នាំងបាយរបស់ខ្លួន បានន័យថា ផលិតមួយឆ្នាំៗទុកសម្រាប់តែហូប សល់ពីហូបទើបយកទៅលក់នៅទីផ្សារ ដើម្បីផ្គត់ផ្គង់គ្រួសារបន្ថែម។ ទាំងនោះ គឺសកម្មភាពកសិកម្មតាមបែបប្រពៃណី ដែលកសិករខ្មែរយើងបានអនុវត្តតាំងពីសម័យអង្គរ ពោលគឺយើងអនុវត្តនូវប្រព័ន្ធអាណាចក្រកសិកម្ម ដែលយកកសិកម្មផ្គត់ផ្គង់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដោះដូរផលរបរគ្នាជាដើម។ ការណ៍នេះ ទើប សមាគមបណ្តាញកសិករតេជោ តែងតែគិតគូរក្នុងការបំផុសផ្នត់គំនិតជូនកសិករពីកសិកម្មតាមបែបប្រពៃណី ទៅការធ្វើកសិកម្មតាមបែបទំនើប បែបឌីជីថល។ ជាពិសេសការប្រែក្លាយជា កសិករសហគ្រិន ដែលកសិករយល់ពីដឹងពីការប្រើប្រាស់ហិរញ្ញវត្ថុ ចេះគិតគូរពីថ្លៃដើមផលិតជាដើម។

ទន្ទឹមនឹងនេះ លោកបណ្ឌិត កៅ ថាច បានបន្តទៀតថា យោងតាមការសង្កេតរបស់លោកកន្លងមក ខ្សែចង្វាក់ផលិតកម្មរបស់យើងមិនបានតភ្ជាប់គ្នាពីមួយដំណាក់កាលទៅមួយ ដែលជាហេតុនាំឱ្យយើងជួបប្រទះនូវបញ្ហាទីផ្សារ។ ដូចនេះ យើងត្រូវជំរុញក្នុងការតភ្ជាប់ខ្សែចង្វាក់ផលិតកម្ម កាលណាខ្សែចង្វាក់ផលិតកម្មភ្ជាប់គ្នាហើយ នឹងធ្វើឱ្យកាត់បន្ថយការខាតបង់ និងបង្កើនផលចំណេញ។ លោកបណ្ឌិត បានបន្ថែមថា ការចងក្រងទិន្នន័យជាក់លាក់ពីតួអង្គក្នុងខ្សែចង្វាក់នីមួយៗក៏សំខាន់ដែរ ពីព្រោះទិន្នន័យនេះ អាចធានាបាននូវស្ថេរភាពទាំងតម្លៃ និងឈានដល់ព្យាករណ៍ទីផ្សារផងដែរ។ ក្រៅពីបញ្ហាប្រឈមទាំងនេះ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាក៏ដូចគ្នា ដែលកន្លងមកតែងតែកើតមាននូវបញ្ហាប្រឈមដូចជាការអនុវត្តកិច្ចសន្យាដោយមិនស្មោះត្រង់ជាដើម។ ដូចនេះ យើងត្រូវចូលរួមអនុវត្តកិច្ចសន្យាដោយស្មោះត្រង់ ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនេះ សមាគមបណ្តាញកសិករតេជោ និងសមាគមសហគមន៍ចុងភៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរផងដែរ។