ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានរៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដែលរៀបចំឡើងនៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត។
នៅក្នុងនោះ ក៏មានវត្តមានរបស់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលរួមដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័តផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យមើលរបាយការណ៍កិច្ចប្រជុំលើកទី១ អាណត្តិទី៥
២. ពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពឆមាសទី៤ ឆ្នាំ២០២៥
៣ ពិនិត្យ និងផ្ដល់យោបល់លើគម្រោងឥណទានឡសម្ងួត និងឃ្លាំងដល់រោងម៉ាស៊ីន
៤. ពិនិត្យ និងផ្ដល់យោបល់លើគម្រោងកិច្ចសន្យាកសិកម្ម និងការផ្សារភ្ជាប់កសិករ និងរោងម៉ាស៊ីនកិនស្រូវ
៥. ពិនិត្យ និងផ្ដល់យោបល់លើគម្រោងផ្នែកទីផ្សារ និងការនាំចេញ
ជាកិច្ចចាប់ផ្ដើម ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងចំណាប់អារម្មណ៍បើកកម្មវិធីប្រជុំ និងថ្លែងអំណរគុណទៅកាន់សមាជិកក្រុមប្រឹក្សាភិបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី២។ លើសពីនេះ ឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តទៀតថា តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងអាចប្រមូលនូវធាតុចូលបន្ថែមកាន់តែច្រើន ក្នុងការអនុវត្ត និងសម្រេចបាននូវគោលដៅនៃផែនការយុទ្ធសាស្រ្ត ដែលបានកំណត់ក្នុងរយៈពេល៣ឆ្នាំទៅខាងមុខនេះ។
ជាកិច្ចបន្តនៃកម្មវិធី សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានពិនិត្យមើលរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ និង របាយការណ៍វឌ្ឍនភាពត្រីមាសទី៤ ឆ្នាំ២០២៥។ នៅក្នុងនោះ ក៏មានការធ្វើបទបង្ហាញពីប្រធានផ្នែកនៃគម្រោងចំនួន ៣ រួមមាន គម្រោងឥណទានឡសម្ងួតនិងឃ្លាំង គម្រោងកិច្ចសន្យាកសិកម្ម និង គម្រោងផ្នែកទីផ្សារនិងការនាំចេញ។
ជាលទ្ធផល អង្គប្រជុំទាំងមូលបានសម្រេច និងអនុម័តទៅលើរបៀបវារៈទាំង ៥ ដោយទទួលបានសម្លេងបោះឆ្នោតមួយរយភាគរយ នៃវត្តមានរបស់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលបានអញ្ជើញចូលរួម។
ជាកិច្ចបញ្ចប់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងបិទកម្មវិធីប្រជុំ និងថ្លែងអំណរគុណទៅកាន់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានចូលរួមពិភាក្សា និងផ្ដល់ធាតុចូលមកកាន់កិច្ចប្រជុំ។ លើសពីនេះ ឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមដោយសង្ឃឹមថា ការរួមគ្នាក្នុងអាណត្តិថ្មីនេះ នឹងបន្តនាំយកមកនូវលទ្ធផលល្អ ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំត្រូវបានបញ្ចប់នាវេលាម៉ោង ៥ និង ០០ នាទីល្ងាច ប្រកបដោយលទ្ធផលជាផ្លែផ្កា និងសាមគ្គីភាព។
