ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយក-រដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូនៃរដ្ឋបាលគយកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត LEE, Myeong-ku អគ្គនាយក នៃរដ្ឋបាលគយកូរ៉េ ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសហ-ប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការអនុវត្តប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយកូរ៉េ ដែលអញ្ជើញមកបំពេញបេសកកម្មនៅ អគរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបាលគយទាំងពីរ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម។
ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់កសាង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ជាក់ស្តែង រដ្ឋបាលគយទាំងពីរបានបញ្ជូនមន្ត្រីគយនិងរដ្ឋាករនៃរដ្ឋបាលគយរបស់ខ្លួន ដើម្បីចូលរួម អនុវត្តប្រតិបត្តិការ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៃសាធារណរដ្ឋកូរ៉េ និងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
សម្រាប់ ឯកឧត្តម LEE, Myeong-ku ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយរដ្ឋបាលគយកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។ អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ ដោយផ្តោតលើ (១) ការគ្រប់គ្រងហានិភ័យ, (២) ការការពារកម្មសិទ្ធិបញ្ញា (IPR), (៣) យន្តការនៃការផ្លាស់ ប្តូរព័ត៌មាន និង (៤) ឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦។
ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ រួមមាន៖ (១) បន្តជំរុញ និងអនុវត្តទំនើបកម្ម និងកំណែទម្រង់គយ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ, (២) ពិនិត្យលើគម្រោងប្រតិបត្តិការរួមគ្នារវាង រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េ ស្តីពីការការពារកម្មសិទ្ធិបញ្ញា, (៣) បង្កើតនិងជំរុញយន្តការនៃការផ្លាស់ប្តូរព័ត៌មានស្ថិតិ និងព័ត៌មានសម្ងាត់ ដោយមានសុវត្ថិភាព និងទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់, ការរត់គេចពន្ធ និងបទល្មើសឆ្លងដែនផ្សេងទៀត និង (៤) ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦។
