ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យប្រទេសសិង្ហបុរី មកកម្ពុជាវិញ នៅថ្ងៃនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ជនរួមជាតិថា សម្តេចនឹងធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យសិង្ហបុរី មកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា «ជនរួមជាតិជាទីនឹករឭក និងកូនក្មួយជាទីស្រឡាញ់ ពុកបានចេញពីមន្ទីរពេទ្យមកនៅសណ្ឋាគារ តាំងពីព្រឹកម្សិលមិញម្លេះ ថ្ងៃទី១០ កក្កដានេះ នឹងត្រឡប់មកដល់ភ្នំពេញវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីនៅ ទី១២ កក្កដា ២០១៩»។

«អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយ ដែលបានជូនពរឬបារម្ភពីសុខភាពខ្ញុំ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះថា «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបុរីពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្តិទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះដែលខ្ញុំត្រូវលុបចោលនូវជំនួបនោះ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រេចស្មាខាងស្តាំ ក្រោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ ដែលមានរយៈពេល៣ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងបេសកកម្មនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាមួយការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ផងដែរ៕