ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជាបានចេញមុខបដិសេធទៅភាគីថៃ ជុំវិញ ការបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាជាអង្ករកូនកាត់នោះ គឺជារឿងមិនពិតនិងក្លែងក្លាយ ដើម្បីកេងចំនេញផ្នែកពាណិជ្ជកម្ម។
ការប្រតិកម្មខាងលើនេះ ធ្វើឡើង កាលពីពេលថ្មីៗនេះ ដោយភាគីថៃបានបង្កើតនិទានកថាថ្មីមួយ ដោយបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុករបស់ខ្លួនថា អង្ករកម្ពុជា ជា “អង្ករកូនកាត់” ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរលើកេរ្តិ៍ឈ្មោះអង្ករនាំចេញរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ប្រព័ន្ធផលិតកម្មអង្ករកម្ពុជាអាស្រ័យលើពូជប្រពៃណី និងពូជកែច្នៃដែលបានអភិវឌ្ឍតាមបច្ចេកទេសវិទ្យាសាស្ត្រ ដូចជាអង្ករក្រអូបផ្ការំដួល មិនមែនផ្អែកលើការផលិតអង្ករកូនកាត់ដូចការអះអាងរបស់កាសែតថៃនោះឡើយ។
ការចោទប្រកាន់របស់ថៃ បានលេចឡើងតាមរយៈការពិភាក្សា និងការផ្សាយព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលបានយកបញ្ហាផលិតកម្មអង្ករកម្ពុជាមកបកស្រាយក្នុងបរិបទការប្រកួតប្រជែងទីផ្សារអង្ករក្នុងតំបន់។ ទោះជាយ៉ាងណា មិនមានរបាយការណ៍វិទ្យាសាស្ត្រ ឬរបាយការណ៍ផ្លូវការពីអង្គការអន្តរជាតិណាមួយ ដែលបានចាត់ថ្នាក់អង្ករនាំចេញរបស់កម្ពុជាថាជា “អង្ករកូនកាត់” នោះទេ។
សម្រាប់ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ខូចទ្រង់ទ្រាយរបាយការណ៍ដើមដោយណែនាំពាក្យថា “ជីគីមី” និងភ្ជាប់ការកើនឡើងផលិតកម្មរបស់កម្ពុជាទៅនឹងការប្រើប្រាស់ពូជស្រូវកូនកាត់ដោយមិនពិត ។ ការអះអាងដែលលោកបាននិយាយថាមិនត្រឹមត្រូវតាមការពិត និងមិនត្រូវបានគាំទ្រដោយទិន្នន័យផ្លូវការ។
ឧកញ៉ា ឡាយ ឈុនហូរលើកឡើងបន្ថែមថា កម្ពុជាមិនដាំដុះស្រូវកូនកាត់ទេ ហើយទិន្នផលស្រូវរបស់ប្រទេសនេះបានកើនឡើងប្រហែល ១ លានតោនក្នុងឆ្នាំ ២០២៥ ដោយសារតែផ្ទៃដីដាំដុះបានពង្រីក ការអនុវត្តកសិកម្មប្រសើរឡើង ការគ្រប់គ្រងសត្វល្អិតប្រកបដោយប្រសិទ្ធភាព ការចែកចាយទឹកភ្លៀងអំណោយផល និងវិធានការសម្របខ្លួនទៅនឹងអាកាសធាតុ។
ផ្ទុយទៅវិញ អង្កររបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់អង្ករប្រណិតល្អជាច្រើនឆ្នាំបន្តបន្ទាប់គ្នា ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) ដែលលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២នៅឆ្នាំ២០១៣, លើកទី៣នៅឆ្នាំ២០១៤, លើកទី៤នៅឆ្នាំ២០១៨, លើកទី៥នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥ដោយផ្អែកលើគុណភាពខ្ពស់ ស្របតាមស្តង់ដានាំចេញរបស់បណ្តាប្រទេសនានាទូទាំងពិភពលោករួមទាំងអឺរ៉ុប។
យោងតាមអ្នកជំនាញពន្យល់ថា នៅក្នុងពាណិជ្ជកម្មអង្ករអន្តរជាតិ ការវាយតម្លៃអង្ករ ត្រូវផ្អែកលើប្រភេទគ្រាប់អង្ករ ក្លិនក្រអូប គុណភាពកិន និងប្រភពផលិត មិនមែនចាត់ថ្នាក់តាមពាក្យ “កូនកាត់” ឬ “មិនកូនកាត់” ដូចការនិយាយក្នុងសារព័ត៌មានថៃនោះឡើយ។ ដូច្នេះ ការលើកឡើងបែបនេះអាចបង្កការយល់ច្រឡំចំពោះអ្នកទិញ និងទីផ្សារអន្តរជាតិ។
អាជ្ញាធរកម្ពុជាបានអំពាវនាវឱ្យផ្អែកលើទិន្នន័យបច្ចេកទេស និងវិទ្យាសាស្ត្រ ជំនួសការផ្សព្វផ្សាយព័ត៌មានមិនបានផ្ទៀងផ្ទាត់ ដែលអាចប៉ះពាល់ដល់កសិករ អ្នកនាំចេញ និងភាពជឿជាក់លើអង្ករកម្ពុជាក្នុងទីផ្សារពិភពលោក។
ក្នុងឆ្នាំ២០២៥ កន្លងមកនេះកម្ពុជាបាននាំចេញអង្ករចំនួន ៩៤០ ៣២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៧៥ ដែលគិតជាទឹកប្រាក់មានចំនួន ៦០២.៤១លានដុល្លារ មានកំណើន៤៥.៥៩%។


