ភ្នំពេញ៖ ក្នុងរយៈពេល២ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៧ ៨២២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ។
របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៦៤ ១៣៤ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៥១ ៣៨៤ តោន គិតជាទឹកប្រាក់ចំនួន ៣៦.៣១ លានដុល្លារសហរដ្ឋអាមេរិក ។
ដោយឡែកទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១១២ ១៤២ តោន គិតជាទឹកប្រាក់ចំនួន ៤១.៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២០ ១៦២ តោន គិតជាទឹកប្រាក់ចំនួន ១៨.៤៥ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.១៦% ប្រភេទអង្ករសគ្រាប់វែង ០.០៦% អង្ករចំហុយ ១.១៨% អង្ករសរីរាង្គចំនួន ០.៧៤% អង្ករបាក់គ្រប់ប្រភេទ ២៧.៦៨% និងអង្ករផ្សេងៗចំនួន ១១.១៨% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៨៧៣ ៨៨០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១៩៦.៦២ លានដុល្លារសហរដ្ឋអាមេរិក ៕

