ភ្នំពេញ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់បញ្ចាប់ការសួរសួរចម្លើយឧកញ៉ា ស៊ឹង សំអុល ដែលគេសង្ស័យថា អំពីបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ក្រោយកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន និងឃុំខ្លួនអស់មួយថ្ងៃកន្លះ រួមនឹងមនុស្ស៣នាក់ផ្សេងទៀត។
ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន មេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវបានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តរួមជាមួយមនុស្ស៣នាក់ ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ។
ជនសង្ស័យប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង រួចហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាប់តាំងពីថ្ងៃត្រង់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដោយរងចាំបំពេញសំណុំរឿង មុនបញ្ជូនទៅតុលាការ។
លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី មានប្រាប់ អ្នកកាសែត នៅថ្ងៃនេះថា តំណាងអយ្យការមិនផ្តើមចោទប្រកាន់ពីល្មើសអ្វីនៅឡើយទេ ដោយដំណើរការសាកសួរមិនទាន់បញ្ចប់។
លោកបានបញ្ជាក់ថា ឧកញ៉ា ស៊ឹង សំអុល និងគូកន ត្រូវបន្តឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មួយយប់ទៀត ដើម្បីរងចាំការសាកសួរបន្តនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។
យោងតាមច្បាប់បានឲ្យដឹងថា ប្រសិនបើតុលាការរកឃើញករណីឧកញ៉ា សឹង សំអុល ធ្លាប់រកស៊ីបទល្មើសព្រៃឈើយូរលើសពី១៥ឆ្នាំ គឺអាចចាត់ទុកជាបទល្មើសព្រៃឈើថ្នាក់ទី១ អាចត្រូវចោទប្រកាន់ពីបទប្រមូល និងដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានការអនុញាត មាត្រា៩៧ នៃច្បាប់ព្រៃឈើ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៥ឆ្នាំ ទៅ១០ឆ្នាំ និងរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ។
លោកឧត្តមនីយ៍ត្រី អេង ហ៊ី បានអះអាងថា មន្ត្រីកងរាជអាវុធហត្ថបន្តរុករករថយន្តដឹកឈើនៅក្នុងព្រៃបន្ថែមទៀត ហើយនៅពេលរកឃើញ នឹងដាក់ម្សៅ TNT បំផ្ទុះរថយន្តទាំងនោះចោលនៅនឹងកន្លែងទាំងអស់តែម្តង។
លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យក្រុមហ៊ុន ដែលកំពុងរកស៊ីខុសច្បាប់ ក្នុងឧក្រិដ្ឋព្រៃឈើទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មមួយនេះនឹងបន្តធ្វើទូទាំងប្រទេស។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានលោក នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕