(ក្រុងណាននីង-ប្រទេសចិន)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយ លោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។
ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖
1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។
2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងលំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវក្នុងឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅពេលខាងមុខ ដេីម្បីស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់លំហូរទុនតាមរយៈការផ្តល់ឥណទានជាទុនបង្វិល និងទុនវិនិយោគ ក៏ដូចជាសេវាធនាគារនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចិរភាព៕





