ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ​ ARDB បញ្ជាក់​ពី​ការ​បន្ត​ការ​គាំទ្រ​ និង​ជម្រុញ​ការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន

រដ្ឋ​ធានី​ប៉េកាំង​,​ ប្រទេសចិន៖​ ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ និង​ ឧកញ៉ា​ ឡាយ​ ឈួន​ហួ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ដឹកនាំ​សហការី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ហ៊ុន​រដ្ឋ​ COFCO Grains នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ នា​រដ្ឋ​ធានី​ប៉េកាំង​ សាធារណៈ​ប្រជាមានិត​ចិន​។

កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លេី​ការ​ពង្រឹង​ សមត្ថភាព​ផលិត​ និង​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ​ ដោយ​ក្នុង​នោះ​ធនាគារ​ ARDB និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នឹង​ធ្វើ​ជា​តួ​អង្គ​រួម​គ្នា​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​លេី​កិច្ចការនេះ។  ធនាគារ​ARDB  នឹង​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ជាអន្តរជាតិ​(Cross Border Settlement) ដេីម្បី​សម្រួល​លំហូរ​សាច់​ប្រាក់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់ប្រទេសចិន។ 

ជាមួយ​គ្នានេះដែរ​ ក្រុម​ហ៊ុន​ COFCO Grains បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ និងបន្ត​ជម្រុញ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​៕