ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសនូវែលហ្សេឡង់

នូវែលហ្សេឡង់: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយ តំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។

ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាម ធនាគារអភិវឌ្ឍន៍កសិកម្ម ដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖
• ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។
• ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញ តំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។
• ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើម ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

ជំនួបពិភាក្សានេះ គឺជាសញ្ញាណវិជ្ជមានក្នុងការនាំយកនូវបទពិសោធន៍ និងបច្ចេកទេសហិរញ្ញវត្ថុកម្រិតអន្តរជាតិ មកជួយជំរុញផលិតភាព និងទំនើបកម្មវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ ផងដែរ អំពីតួនាទី របស់ ស្ថាប័នទាំងពីរ៖
• ធនាគារ ARDB (កម្ពុជា)៖ ជាធនាគាររដ្ឋដែលបំពេញតួនាទី បំរើ ឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទាន ទាំងទុនវិនិយោគ និង បង្វិល  ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។
• ធនាគារ Rabobank (នូវែលហ្សេឡង់)៖ ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ ដែលមានឯកទេសខ្ពស់ក្នុងវិស័យកសិកម្ម និងចំណីអាហារ (Food & Agribusiness) ដោយផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់កសិករ និងខ្សែច្រវាក់ផលិតកម្មកសិកម្មទូទាំងសកលលោក។