ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន CityRice ទទួលស្វាគមន៍ក្រុមនិស្សិតមកពីមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មកធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន

ខេត្តបាត់ដំបង: ក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី City Rice Import Export Co., Ltd. (រោងម៉ាស៊ីនកិនស្រូវ ឡាយសែ) បានអនុញ្ញាតឲ្យធ្វើការទទួលស្វាគមន៍ក្រុមនិស្សិតមកពីមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មកទស្សនកិច្ចដោយបានការដឹកនាំដោយអគ្គនាយករង លោក លី លាង។
ក្រុមហ៊ុន CityRice មានកិត្តិយសយ៉ាងខ្លាំងក្នុងការទទួលស្វាគមន៍ក្រុមនិស្សិតមកពីមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មកធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុននេះធ្វើឡើងកាលពីថ្ងៃទី25ខែមីនា2026 ក្រុមទស្សនកិច្ចនេះមានសមាសភាពរួមមាន បណ្ឌិតចំនួន ២ នាក់ លោកគ្រូអ្នកគ្រូចំនួន ៤ នាក់ និងនិស្សិតចំនួន ១០២ នាក់។
ការមកទស្សនកិច្ចនេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតក្នុងការយល់ដឹងបន្ថែមអំពីដំណើរការផលិតកម្មស្រូវអង្ករ បច្ចេកវិទ្យាកែច្នៃ និងការគ្រប់គ្រងគុណភាពក្នុងឧស្សាហកម្មកសិកម្ម។
ក្នុងអំឡុងពេលទស្សនកិច្ច និស្សិតនឹងទទួលបានបទពិសោធន៍ជាក់ស្តែងពីការងារផលិត ការត្រួតពិនិត្យគុណភាព ការផ្ទុក និងការនាំចេញផលិតផល។ ក្រុមហ៊ុនក៏រៀបចំការណែនាំពីអ្នកជំនាញ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដែលអាចជួយបង្កើនសមត្ថភាព និងការត្រៀមខ្លួនរបស់និស្សិតសម្រាប់អាជីពអនាគត។
ការចុះទស្សនកិច្ចក្រុមហ៊ុនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់និស្សិត ព្រោះវាជួយភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង។ វាផ្តល់ឱកាសឲ្យនិស្សិតបានស្គាល់បរិយាកាសការងារពិត បង្កើនជំនាញទំនាក់ទំនង និងការងារជាក្រុម ព្រមទាំងជំរុញឲ្យមានការច្នៃប្រឌិត និងការយល់ដឹងអំពីតម្រូវការទីផ្សារ។ ការចូលរួមបែបនេះក៏ជួយបង្កើនទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្ម ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានគុណភាព។
ក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី City Rice Import Export Co., Ltd. (រោងម៉ាស៊ីនកិនស្រូវ ឡាយសែ) សង្ឃឹមថា ការទស្សនកិច្ចនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់និស្សិត និងជំរុញឲ្យពួកគេក្លាយជាវិជ្ជាជីវៈជំនាញក្នុងវិស័យកសិឧស្សាហកម្មនាពេលអនាគត។