(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការអនុវត្តសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងកិច្ចការពារអ្នកប្រើប្រាស់សម្រាប់មន្ត្រីរាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ប្បញ្ញត្តិករមានសមត្ថកិច្ចពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងមន្ត្រី ក.ប.ប.។ រីឯថ្នាក់ដឹកនាំនិងមន្រ្តីសាខា ក.ប.ប. តាមបណ្តាខេត្ត ចូលរួមតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង (Zoom) ផងដែរ។
គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីផ្ដល់នូវទស្សនទានជារួមពាក់ព័ន្ធនឹងការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន និងផ្ដល់ជាវេទិកាដល់បណ្ដាអង្គភាពពាក់ព័ន្ធដើម្បីពិគ្រោះយោបល់លើការអនុវត្តនូវគោលការណ៍ប្រកបដោយបរិយាបន្ន ដើម្បីស្វែងរកនូវចំណុចរួមមួយឈានទៅដល់ការកំណត់នូវយន្តការសម្របសម្រួលរួមរវាងអង្គភាពពាក់ព័ន្ធលើការអនុវត្តគោលការណ៍ប្រកបដោយបរិយាបន្ននេះ ដែលជាលទ្ធផល នឹងជួយសម្រួលដល់ជីវភាពរស់នោប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ដែលងាយរងគ្រោះ។


















