ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង បានប្រកាសថា «នៅកម្ពុជា មានជនបរទេសរស់នៅស្របច្បាប់ តែជាង ៨ម៉ឺន ៨ពាន់នាក់ប៉ុណ្ណោះ»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេស កាន់កាប់ប្រើប្រាស់ ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមានមនុស្ស ៦៨៩៨៨១ នាក់ មាន ១០សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម។ ឯកសារមិនប្រក្រតីទាំងនោះ រួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជាដើម។
សម្តេចក្រឡាហោមបញ្ជាក់ថា “បើយើងមិនដកហូតឯកសាររដ្ឋបាលមិនប្រក្រតីទាំងនេះទេ នោះជនបរទេសជិត ៧ម៉ឺននាក់នេះ នឹងទទួលបានសញ្ជាតិខ្មែរ ដោយស្វយប្រវត្តិ។ នេះជាកំហុសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការផ្តល់លិខិតឯកសាររដ្ឋបាល មិនប្រក្រតីទាំងនោះ ដល់ជនបរទេស។ រីឯជនបរទេស ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវទាំងនោះ ក៏ប្រឈមនឹងការទទួលទោសតាមច្បាប់។ ម្យ៉ាងទៀត នៅពេលនេះ បើយើងមិនធ្វើ នោះយើងនឹងខុស ហើយកំហុសនេះ នៅស្ថិតស្ថិរ និងជាកំហុសប្រវត្តិសាស្ត្រ”។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសថា ប៉ូលិសអន្តោប្រវេសន៍ ក៏បានទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅកម្ពុជា ចំនួន ៦០៥៦១ ឯកសារ ដោយមានមនុស្ស ២៨៥៧២ គ្រួសារ និងមានសមាជិកសរុប ៨ម៉ឺន ៨ពាន់ ១១២នាក់ មាន ១១សញ្ជាតិ។ ពោលគឺសព្វថ្ងៃនេះ យើងមានជនបរទេស រស់នៅស្របច្បាប់នៅកម្ពុជា ជិត ៩ម៉ឺននាក់ ដោយបូករួមទាំងជនបរទេស ដែលកំពុងជាប់ពន្ធនាគារ ប្រមាណ ២០០នាក់ទៀត៕