ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ប៉េង ពោធិ៍សាអញ្ជើញថ្លែងសន្ទរកថានិងជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

ខេត្តស្វាយរៀង, ថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាលនិងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកគណកម្មាធិការកណ្តាល​និងជាអនុប្រធានគណកម្មាធិការបក្សខេត្ត​ បានអញ្ជើញថ្លែងសន្ទរកថាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគតដែលរៀបចំឡើងនៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង។
កម្មវិធីនេះរៀបចំឡើងដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានការអញ្ជើញចូលរួមផងដែរពី ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ,លោក ហៀន សូប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ច ពិសេស និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលអ្នកចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្វាយរៀង សិស្ស និងនិស្សិតសរុបប្រមាណ ១៥០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានគណកម្មាធិការគណបក្សខេត្តស្វាយរៀងបានចាត់ទុកថា សហគ្រិនយើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគនៅក្នុងស្រុកនិងតំបន់ ដែលរួមចំណែក បង្កើតការងារ​ បង្កេីនប្រាក់ចំណូល មុខរបរនិងបង្កើតភាពធន់ ជាពិសេស ក្នុងខេត្តស្វាយរៀងជាខេត្តមួយធ្លាប់ជាតំបន់សមរភូមិ ប៉ុន្តែឥឡូវនេះបានក្លាយជាតំបន់វិនិយោគនិងឧស្សាហកម្ម។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង តាមរយៈសិក្ខាសិលាថ្ងៃនេះ នឹងផ្តល់ជាធាតុចូលមួយសំខាន់បន្ថែមច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍអាជីវកម្មរបស់បងប្អូនជាសហគ្រិនវ័យក្មេងរបស់យើងឲ្យកាន់តែរីកចម្រើនផងដែរ។
បន្ទាប់ពីមានការឡើងធ្វើបទបង្ហាញពីកាលានុវត្តភាពការវិនិយោគនៅកម្ពុជានិងបង្ហាញអំពីនិន្នាការនៃលំហូរទុនវិនិយោគពីបរទេស(FDI)ក៏ដូចជាភូមិសាស្រ្ត ការវិនិយោគនៅខេត្តស្វាយរៀង ដោយ លោក ហៀន សូប៉ូលីន រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សាស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗដូចជា ខាងផ្នែកកសិកម្ម ហិរញ្ញប្បទានបន្ថែមទៀត សម្រាប់ផ្តល់ឱកាសដល់សហគ្រិនវ័យក្មេង ពិនិត្យ​ និងសម្រេចចិត្តលេីការវិនិយោគសម្រាប់ពេលអនាគត សំដៅចូលរួមចំណែកយ៉ាងធំ ក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។
ជាចុងក្រោយ​ឯកឧត្ដមបណ្ឌិត​បានចែករំលែកដល់សហគ្រិនវ័យក្មេងនៅខេត្តស្វាយរៀងថា ការវិនិយោគសម្រាប់អនាគត គឺ ការវិនិយោគដែលទទួលបានផលចំណេញ២គឺទី(១)​ ផលចំណេញផ្នែកហិរញ្ញវត្ថុ​ (២)ផលចំណេញផ្នែកសង្គម-social benefit។ ជាឧទាហរណ៍​ ការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌិជីថល ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគចីរភាពបរិស្ថាន និងការវិនិយោគលេីសមត្ថភាពស្ថាប័ន ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយឧស្ម័ន្នកាបូនិក នឹងបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អដល់អ្នកជំនាន់ក្រោយទៀត។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើនូវសារសម្រាប់ការចងចាំមួយឃ្លាថា “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង”។