ភ្នំពេញ៖ លោកជំទាវ ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះមានភាពធូររលុង និងមិនមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទូទៅ។
លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ ៥ រូបនោះ ទទួលបានត្រឹមតែការបន្ថយស័ក្តិមកត្រឹមស័ក្តិ ៤ កន្លះ។ លោកស្រីបានសរសេរក្នុងហ្វេសបុកថា៖
«ស្រុកខ្មែរ កុំយកច្បាប់ហ្នឹងមកអនុវត្តលើប្រជាជន ព្រោះអ្នកកាន់ច្បាប់ល្មើសហើយអត់ទទួលបានការពិន័យផងនោះខ្លួនជាមន្ត្រីនគរបាលជក់បារីអេឡិចត្រូនិកបន្ថយស័ក្កិ បើកូនរាស្ត្រវិញបែបគុកបាត់ហើយ។ម្យ៉ាងទៀតបទបញ្ជាដែលមានចំនួន9ចំណុចរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ា ណែតនោះគិតម៉េចវិញ។»។
យោងតាមបទបញ្ជាលេខ ០២ បប. ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥៖
-ចំណុចទី ៩ បានចែងយ៉ាងច្បាស់ថា គ្រប់ក្រសួង ស្ថាប័ន ត្រូវដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ មន្ត្រីនគរបាលជាតិ និងយោធិនទាំងឡាយណាដែលប្រើប្រាស់ Vape។
សាររបស់លោកជំទាវ ហ៊ុន ស៊ីណាត គឺជាការដាស់តឿនយ៉ាងធ្ងន់ធ្ងរដល់អង្គភាពអនុវត្តវិន័យ កុំឱ្យបណ្តោយឱ្យមន្ត្រីក្រោមឱវាទប្រើប្រាស់ «ខ្សែ» ឬ «អំណាច» ដើម្បីគេចចេញពីសំណាញ់ច្បាប់។ បើបទបញ្ជា ៩ ចំណុចរបស់នាយករដ្ឋមន្ត្រី មិនត្រូវបានអនុវត្តដោយស្មើភាពទេនោះ វានឹងធ្វើឱ្យបាត់បង់ជំនឿចិត្តពីប្រជាពលរដ្ឋមកលើកងកម្លាំងនគរបាលជាតិទាំងមូលយ៉ាងពិតប្រាកដ៕






