ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច​ ជំរុញឱ្យកសិករត្រូវចេះគិតពីថ្លៃដើមផលិតកម្ម​ឱ្យបានច្បាស់ ​ជាពិសេសរកឲ្យឃើញភាពចំនេញនិងខាត បើពុំដូច្នោះទេ​ការធ្វើកសិកម្មពិបាក​នឹងរកប្រាក់ចំណេញ​

ខេត្តកណ្តាល​៖ ឯកឧត្តមបណ្ឌិត កៅ ថាច​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បាន​អញ្ជើញចូលរួមជួបសំណេះសំណាល​ និងសួរសុខទុក្ខជាមួយបងប្អូន​ប្រជាកសិករជាង​៥០០នាក់នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល​ នៅ​ព្រឹកថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៦នេះ ។

ពិធីជួបសំណេះសំណាល​នេះ​ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ​សាលាស្រុកលើកដែក​ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស​ពីសំណាក់ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាល​រងនៃគណៈអភិបាល​ខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាល​នៃគណៈអភិបាល​ស្រុកលើកដែក​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាល​ស្រុកស្អាង ការិយាល័យកសិកម្ម​ស្រុក មេឃុំ​ទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ​៥៣៩នាក់​ផ្សេងទៀត​។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជា​ប្រធាន​សមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​កធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ សម្រាប់​បម្រើដល់គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ បានដឹងថា​បងប្អូនប្រជាកសិករជួបការលំបាក​ធំៗមួយចំនួន ​​​៖ទី​១) បងប្អូន​កសិករ​ខ្វះដើមទុន​សម្រាប់ធ្វើការងារកសិកម្ម​, ទី២) បងប្អូនកសិករ​ធ្វើកសិកម្ម​បាន​ផលហើយ​លក់មិនសូវដាច់​និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូន​ក្នុងរដូវខ្លះបាន​ផលនិងពេលខ្លះ​ពុំសូវ​បានផល​ ហើយ​ប្រឈម​ជាមួយនឹកការប្រែប្រួលអាកាសធាតុ​ ។

ស្របពេល​កសិករជួបញ្ហាក្នុងវិស័យកសិកម្ម និងដើម្បីធ្វើកសិកម្មចៀសវាងការខាតបង់​ ​ឯកឧត្តមបណ្ឌិត បានលើក​ទឹកចិត្តដល់កសិករគប្បីស្វែងយល់ការធ្វើកសិកម្មតាមកិច្ចសន្យា​ជាមួយក្រុមហ៊ុនក្នុងតំបន់ដើម្បីធានាតម្លៃកសិផល​។លើសពីនេះ​ឯកឧត្តម ជំរុញឱ្យកសិករស្វែយល់ពីថ្លៃដើមផលិត​ឱ្យបានច្បាស់​ដើម្បីងាយស្រួលក្នុងការសម្រេច​ចិត្តមុនលក់កសិផលរបស់ខ្លួន​ បើពុំដូច្នោះទេ​ការធ្វើកសិកម្មរបស់កសិករ​ពិបាក​នឹងរកប្រាក់ចំណេញ​។​
ស្ថិតក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា​​ជាមួយនិងការប្រែប្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ជាពេលវេលាដែលប្រទេសកម្ពុជាមានឱកាសធំ​ក្នុងការផលិតដើម្បីជំនួសឱ្យនាំចូលមកពីខាងក្រៅ​ និងបង្កើនការផលិតសម្រាប់ការនាំចេញ​ឱ្យបណ្តាប្រទេសដែលមានតម្រូវការ។ ប្រទេសកម្ពុជា​តូចតែប្រជាជន​កម្ពុជា ៦៥ភាគរយ​សុទ្ធតែមានភាពវ័យក្មេង​ដែលជាកម្លាំងពលកម្មដ៏សំខាន់ ដែលធនាគារពិភពលោកបានវាយតម្លៃ​ថា នេះជាផលលាភ​បែបប្រជាសាសន៍របស់ខ្មែរ​ ត្រូវទាញយកពីផលលាភនេះឱ្យបានច្រើនបំផុត​ តាមរយៈការធ្វើកសិកម្ម ឧស្សាហកម្ម​ជាដើម។​

ឯកឧត្តមបណ្ឌិត លើកឡើងថា មុខរបរកសិកម្មនេះវាមិនទៅណាឆ្ងាយពីកម្ពុជា​ ឬអាចបាត់បង់ទៅណានោះទេ បងប្អូនកសិករនៅអាចធ្វើកសិកម្ម​ដើម្បី​ឱ្យគ្រួសារមានជីវភាពធូរធារបាន​។ ប៉ុន្តែបងប្អូនត្រូវរកឱ្យឃើញ​នូវថ្លៃដើមផលិតរបស់ខ្លួន​ កុំធ្វើកសិកម្មដើម្បីតែការកម្សាន្ត​ ព្រោះការធ្វើបែបនេះវាមិនទទួលបានប្រាក់ចំណេញនោះទេ ពិសេស​នៅក្នុងដំណាក់កាល​ជី ចំណីសត្វ និងប្រេងឡើងថ្លៃ​ ដោយសារសង្គ្រាម​នៅតាម​តំបន់​​។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ការជួបសំណេះសំណាល​នៅថ្ងៃនេះមាន​គោលបំណង​​ចង់ផ្សព្វផ្សាយ​ពីសមាគមបណ្តាញកសិកតេជោ​ដល់បងប្អូន​ឱ្យបាន​ដឹង ដោយ​សមាគមមួយ​នេះបង្កើតឡើងមានគោលបំណង​៖ទី​១) ធ្វើជាស្ពានឱ្យបងប្អូន​កសិករ​ដើរ​​ឆ្លង​និងតួនាទី​២) ធ្វើជាខែល​ការពារឱ្យបងប្អូនកសិករបាន​។​

ឯកឧត្តបណ្ឌិត គូសបញ្ជាក់ថា តួនាទី​ជាស្ពាននេះគឺ​ បងប្អូនកសិករអាចដើរទៅរក​ប្រភពទុនផ្នែកហិរញ្ញវត្ថុ​ដើម្បីធ្វើមុខរបរក្នុងវិស័យកសិកម្ម ,បងប្អូន​កសិករអាចដើរឆ្លងទៅរក​បច្ចេកទេស​​ក្នុងការដាំដុះនិងការចិញ្ចឹម​ និង​ធ្វើ​ជាស្ពាន​សម្រាប់តភ្ជាប់​បងប្អូនកសិករ​ទៅរកទីផ្សារ​ផងដែរ៕