ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០

ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេស ចិន នេះបើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman’s Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។

នៅក្នុងជំនួបជាមួយ លោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជ កម្មកាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញសុទិដ្ឋិ និយម ចំពោះវឌ្ឍនភាពនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជានិងបានកោតសរសើរចំពោះកំណែទម្រង់មុតស្រួចព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ។

លោកប្រធានក្រុមហ៊ុនរូបនេះក៏បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់របស់ក្រុមហ៊ុន និងតែងឆ្លើយតបយ៉ាងវិជ្ជមានចំពោះក្តីកង្វល់ និងសំណូមពរនានា របស់ភាគីកាណាដា។

ជាការឆ្លើយតប លោក ឱក ប៊ុង បានបន្ថែមថា ចំពោះលោក ហ្គារី រ៉ូស ដែលបានផ្តល់ទំនុកចិត្តមកលើការដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដំណើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រដោយប្រទេសទាំងពីរ។

អំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងកំណើននាំចេញរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ដែលបានកើនចាប់ពីទឹកប្រាក់ ១ប៊ី លានដុល្លារអាមេរិក (២០០១) ដល់ ១៣ប៊ីលានដុល្លារអាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។

សូមជម្រាបថា Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្ម​ ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២-២០០៣ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមួយនេះ បានបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីរោងចក្រចំនួន ១៤នៅកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក​ផងដែរ។