ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គយនិងរដ្ឋាករកម្ពុជាបណ្តុះបណ្តាលពីវិធានដើមកំណើតទំនិញអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ”អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ និងយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ២០១៩-២០២៣។

លោកនួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោកនួន ច័ន្ទរិទ្ធ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំ ណងលើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រតីគយនិងរដ្ឋាករកម្ពុជាលើប្រធានបទវិធានដើមកំណើតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោកបានបន្តទៀតថា ជាពិសេសពាក់ព័ន្ធនឹងការដាក់ឲ្យអនុវត្ត វញ្ញាបនបត្របញ្ជាក់ដើមកំណើតទម្រង់ D ក្នុងទម្រង់អេឡិចត្រូ និច (ATIGA e-Form D) ក៏ដូចជាដើម្បីត្រៀមអនុវត្តពិធីសារស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា ការងារវិធានដើមកំណើតទំនិញជាការងារបច្ចេកទេសគយមួយដែលមានលក្ខណៈស្មុគ្រស្មាញ និងមានការវិវត្តស្របតាមការផ្លាស់ប្តូរ នៃកិច្ចប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិព្រមទាំងមានវេទយិតភាពដល់ចំណូលពន្ធអាករសម្រាប់បរិបទកម្ពុជាបច្ចុប្បន្ន។

ក្នុងន័យនេះ ចំណេះដឹងស្តីពីវិធានដើមកំណើតទំនិញ និងខ្លឹមសារបញ្ញត្តិ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺជាការចាំបាច់ និងមានសារៈសំខាន់ ក្នុងការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធ ភាពនៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។

តាមកម្មវិធីដែលបានគ្រោងទុក វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱកាសសម្រាប់សិក្ខាកាមទាំងអស់ក្នុងការស្វែងយល់ ពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទវិធានដើមកំណើតទំនិញ និងជាពិសេសគឺទទួលបានបច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងអាស៊ាន-ចិន។