ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងលោកឧកញ៉ា ឌីម សួនណាត ករណីឆបោកលុយរាប់រយលានដុល្លារ

លោក សេង គឹមលាង អ្នកនាំពាក្យតុលាការខេត្តសៀមរាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងរបស់ លោកឧកញ៉ា ឌីម សួនណាត ឆបោកប្រាក់រាប់រយលានដុល្លារពីប្រជាពលរដ្ឋក្នុងគម្រោងពុះដីឡូតិ៍។

លោក ឧកញ៉ា ឌីម សួនណាត ពាក់ព័ន្ធ​​រឿងបោកលុយពលរដ្ឋរាប់លានដុល្លារក្រោមរូបភាពវិនិយោគគម្រោងដីឡូតិ៍ ដាក់លុយចូលយកការប្រាក់ខ្ពស់នោះ​ គឺ​កំពុងពិនិត្យ និងចាត់ការរឿងទៅតាមនីតិធី។​​

កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោកឧកញ៉ា ឌីម សួនណាត អាយុ ៣៦ឆ្នាំ ជាថៅកែក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ និងដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងចេញមមូលទានប័ត្រគ្មានសាច់ប្រាក់ (សែកស្អុយ)។

យោងតាមប្រភពពីសមត្ថកិច្ចអះអាងថា ដោយសារបទល្មើសឆបោកនេះបានកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿ បញ្ជូនលោកឧកញ៉ា ឌីម សួនណាត ទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការ។

ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះសមត្ថកិច្ចជំនាញនៅពុំទាន់អាចបញ្ជាក់​​ពីតួលេខទឹកប្រាក់ដែលពលរដ្ឋបានចាញ់បោកលោកឧកញ៉ារូបនេះជាក់លាក់នៅឡើយទេខណៈដែលអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្តរួមមានខេត្តត្បូងឃ្មុំខេត្តពោធិ៍​សាត់ និងខេត្តសៀមរាប ដែលជាទីតាំងលោកឧកញ៉ា ឌីម សួនណាត រកស៊ីពុះដីឡូតិ៍លក់ និងនៅរាជធានីភ្នំពេញផង កំពុងស្រង់ឈ្មោះជនរងគ្រោះ និងទទួលពាក្យបណ្តឹង។

សារព័ត៌មានដេលីខ្មែរនៅថ្ងៃទី២១ខែកក្តដានេះមិន​សុំការបំភ្លឺពី លោក ឧកញ៉ា ឌីម សួនណាត ដែលរងការចោទថាពាក់ព័ន្ធ​​រឿងបោកលុយពលរដ្ឋរាប់លានដុល្លារក្រោមរូបភាពវិនិយោគគម្រោង​ដីឡូតិ៍ ដាក់លុយចូលយកការប្រាក់ខ្ពស់នោះនៅឡើយទេ។

លោកឧកញ៉ា ឌីម សួនណាត ជាថៅកែក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក ត្រូវគេរាយការណ៍ថាជាឈ្មួញរកស៊ីពុះដីឡូតិ៍បែបរំហែរកាយលក់ដ៏ល្បីឈ្មោះនិងមានទ្រព្យស្តុកស្តមម្នាក់នៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកមុខអ្នកការ និងក្រុមតារាៗជាច្រើននាក់ចូលរួមគាំទ្រ