ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័តច្រកទ្វារព្រំដែនបុសមន កំពុងត្រូវប៉ាន់ប្រមូលលុយ ដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត ពីក្រុមឈ្មួញដឹកទំនិញ ក្នុងខេត្តស្វាយរៀងក៏ដូចជាឈ្មួញតូចធំ មកពីបណ្តាលខេត្តនានាកំពុងសម្រុកដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុក យួន រាល់ថ្ងៃតាមរថយន្តធំៗនិងរថយន្តសាន់យ៉ុង រម៉កសន្តោងវែង យ៉ាងពេញបន្ទុក ជាប្រភពចំណូល របស់មេគយចល័តច្រកនេះ។
ហេតុនេះ ប្រជាពលរដ្ឋស្នើ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ជាពិសេសឯកឧត្តម គុណ ញឹម អគ្គនាយករដ្ឋករ គយកម្ពុជា ពិនិត្យឡើងវិញខ្លះផង កុំឲ្យបុគ្គល មេគយចល័តច្រកបុសមន ប្រេីកូនចៅចាំអង្គុយយកលុយ ពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ គ្មានចេញវិក័យប័ត្រឲ្យឡេីយ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួន ចូលមកខ្មែរក៏ដូចជាឈ្មួញដ៏ទៃទៀតមកពីបណ្តាលខេត្តនានាសម្រុកដឹកទំនិញតាមច្រកនេះ បានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់ មេគយចល័តនិងបក្ខពួកបែងចែកផលប្រយោជន៍គ្នាធ្វើមានធ្វើបាន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ទន្ទឹមនឹងនេះឈ្មួញធំតូច ក្នុងខេត្តស្វាយរៀងនិងឈ្មួញដ៏ទៃទៀតមកពីខេត្តផ្សេងៗដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីស្រុកយួនដូចជា÷ផ្លែដូង ផ្លែឈើ ពូក តុជ័រ ធុងជ័រកៅអីជ័រ ដែកលួស កូនរទេះ មី ទឹកស្ទីង នឹងគ្រឿងកុំប៉ុងគ្រប់មុខត្អូញត្អែរ ប្រាប់ភ្នាក់ងារព័ត៌មាន ឲ្យដឹងថា ពួកគាត់រកស៊ីសព្វថ្ងៃបានត្រឹមចិញ្ចិម គយចល័តប្រចាំច្រកទ្វារព្រំដែនបុសមន កំណត់យកលុយ ថ្លៃបាយទឹក ក្នុងមួយរថយន្តធំៗចាប់ពី៦០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀលជាកំហិត រីឯរថយន្តតូចនឹងរម៉កសន្តោងវែងៗ បង់ចាប់២០ម៉ឺនរៀលទៅ៣០ម៉ឺនរៀលជាថ្នូរ មិនបង្ក្រាប ។
ដូច្នេះហើយឯកឧត្តម គុណ ញឹម អគ្គរដ្ឋករ គយកម្ពុជា និង ឯកឧត្តម អូន ព័ន្ធ មុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផង ចំពោះមេគយធំៗ ច្រកទ្វារភាគីព្រំដែនបុសមន និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នអង្គុយចាំយកលុយ មិនចេញវិក័យបត្រឲ្យ ត្រូវបានលាតត្រដាង រិះគន់ពីសំណាក់ក្រុមឈ្មួញដឹកទំនិញ បញ្ជាក់ឲ្យដឹងថា ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែ..!ៗ ៕

