ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកម្មវិធីជំនួប និងផ្គូផ្គងពាណិជ្ជកម្ម នៅកំពង់ផែ Long Beach សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ លោក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) បានដឹកនាំគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានតំណាងពី ក្រុមហ៊ុនសមាជិកចំនួន ១០ និង ប្រតិភូសរុបចំនួន ៣០នាក់ ចូលរួមកម្មវិធី ជំនួប និងផ្គូផ្គងពាណិជ្ជកម្ម (Business Networking and Matchmaking) នៅ កំពង់ផែ Long Beach រដ្ឋ California សហរដ្ឋអាមេរិក។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យស្រូវអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មនៅសហរដ្ឋអាមេរិក ព្រមទាំងស្វែងយល់អំពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កំពង់ផែ Long Beach ដែលជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់មួយរវាងអាស៊ី និងសហរដ្ឋអាមេរិក។
ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំកំពង់ផែ Long Beach រួមមាន លោក Noel Hacegaba នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មនៃកំពង់ផែ Long Beach, លោក Steven Neal អនុប្រធានគណៈកម្មការកំពង់ផែ Long Beach និង ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកម្ពុជាប្រចាំទីក្រុង Long Beach។
លោកឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ជំរុញការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកទិញអន្តរជាតិ ព្រមទាំងស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជានៅលើទីផ្សារពិភពលោក។
ជំនួប និងការផ្គូផ្គងពាណិជ្ជកម្មនេះ ក៏បានផ្តល់ឱកាសឱ្យក្រុមហ៊ុនសមាជិកទាំង ១០ ធ្វើការពិភាក្សាផ្ទាល់ជាមួយដៃគូអាជីវកម្ម អ្នកនាំចូល និងអ្នកចែកចាយ ចំនួនប្រមាណជាង 20 ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងថ្មី និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មនាពេលអនាគត ដែលនឹងរួមចំណែកលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។
នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ា បណ្ឌិត ប្រធានសហព័ន្ធ ក៍បានទទួលនូវកិត្តយស នូវលិខិតសរសើរ ពី លោក Fiona Ma អគ្គរតនាគា របស់រដ្ឋ California ( California State Treasurer) និង កុងស៊ុល កិត្តិយសរបស់កម្ពុជាប្រចាំក្រុង ឡុង ប៉ឹច អំពីការរៀបចាំដឹកនាំសមាជិក លើការបង្កើតព្រឹត្តិការជំនួប និងផ្គូផ្គងពាណិជ្ជកម្មនេះផងដែរ។