ភ្នំពេញ៖ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Rice បានលើកឡើងថា មិនមែនផ្អែកលើការប្រកួតប្រជែងតម្លៃតែប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ (Responsible Business Conduct – RBC) ការអនុវត្តតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (Environmental, Social and Governance – ESG) ព្រមទាំងការត្រួតពិនិត្យសិទ្ធិមនុស្សតាមខ្សែច្រវាក់ផ្គត់ផ្គង់ (Human Rights Due Diligence – HRDD)។

តាមរយៈការទទួលបានវិញ្ញាបនបត្រអន្តរជាតិដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ រួមមាន EU Organic, USDA Organic, SRP, BRCGS, SPP Fair trade, SMETA និង BSCI ក្រុមហ៊ុនបានពង្រីកការចូលទៅកាន់ទីផ្សារនាំចេញលំដាប់ខ្ពស់នៅអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងអាស៊ី ខណៈពេលដែលក៏បានជួយបង្កើនប្រាក់ចំណូលរបស់កសិករដៃគូផងដែរ។
ជាទូទៅ កសិករដែលផលិតស្រូវសរីរាង្គ (Organic)ទទួលបានតម្លៃលក់ខ្ពស់ជាងតម្លៃទីផ្សារធម្មតាប្រមាណ ៣០% ដោយមានការគាំទ្រពីក្រុមហ៊ុនតាមរយៈ កិច្ចព្រមព្រៀងធានាទិញផលិតផល ការផ្តល់ជំនួយបច្ចេកទេស ការគាំទ្រធាតុចូលកសិកម្ម និងការសម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអាទិភាព។
គំរូអាជីវកម្មរបស់ Amru Rice បង្ហាញថា ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព មិនត្រឹមតែបង្កើតទំនុកចិត្តពីទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនតម្លៃសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើងផងដែរ។