រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សមាគមបណ្ដាញកសិករតេជោ បានសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំសិក្ខាសាលាស្ដីអំពី “ កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា” ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខេម ខោវ ឯ.ក, សហគ្រាសចំណីគោ ដង្ខៅប៉ាង, កសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ, ក្រុមហ៊ុន SV RANCH និងក្រុមហ៊ុន ម៉ាលីសាន គ្រុប។
សិក្ខាសាលានេះ មានការអញ្ជើញក្រោមអធិបតីពីភាពរបស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, លោក ជេត ភិរម្យ អនុប្រធានសមាគមបណ្ដាញកសិករតេជោ, លោក ខាំ ពៅ(វាគ្មិន) តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម រស់ មុនិន្ទៈ (វាគ្មិន), លោក ហោ សុខជា (វាគ្មិន) ម្ចាស់កសិដ្ឋាន ជា ថាវី ព្រមទាំងអ្នកចូលរួមប្រមាណជាង ១៣០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយដ៏ល្អប្រសើរសម្រាប់ការចិញ្ចឹមគោ ដែលរួមមាន ធនាគារ ក្រុមហ៊ុន និងកសិករ ដែលសមាគមជាអ្នកសម្របសម្រួល ពោលគឺ សហការគ្នារវាង ធនាគារ ក្រុមហ៊ុន និងកសិករចិញ្ចឹមគោ។ ក្នុងនោះធនាគារជាអ្នកផ្តល់នូវឥណទាន ក្រុមហ៊ុនផ្តល់នូវបច្ចេកទេស ពូជ ចំណី និងទីផ្សារ ចំណែកអ្នកចិញ្ចឹមគោតម្រូវឱ្យមាន ក្រោលគោ កន្លែងដាំស្មៅ និងផ្លូវដឹកជញ្ជូន។ ចំណែកសមាគមមានតួនាទីសំខាន់ៗ រួមមាន ការសម្របសម្រួលបច្ចេកទេស និងជួយផ្សព្វផ្សាយរកទីផ្សារ។ ការចូលរួមនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពក្នុងការបង្កើនការចិញ្ចឹមគោ កាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញ។
ស្របជាមួយគ្នានេះផងដែរ សមាគមបណ្ដាញកសិករតេជោ និងសហគ្រាស ដង្ខៅ ប៉ាង ក៏បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងសហគ្រាសចំណីគោ ដង្ខៅប៉ាង និងសមាគមបណ្តាញកសិករតេជោ ក្នុងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគោ (Cattle Value Chain) នៅកម្ពុជា និងចូលរួមលើកកម្ពស់ផលិតភាព គុណភាព ស្តង់ដារ និងទីផ្សារសម្រាប់ចំណីសត្វគោទាំងក្នុងស្រុក និងអន្តរជាតិ។







































