តាកែវ៖ នៅក្នុងកិច្ចប្រជុំជាមួយឲ្យចៅក្រម ព្រះរាជអាជ្ញារង នឹងក្រឡាបញ្ជី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងនិងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានជំរុញដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវ ពន្លឿនចាត់ការសំណុំរឿងឲ្យបានឆាប់រហ័សបំផុត ។
លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវបានថ្លែងថា ព្រះរាជអាជ្ញារង ក្រឡាបញ្ជីនិងមន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់ចំពោះសំណុំរឿងទាំងអស់ ជាពិសេសគឺសំណុំរឿង ដែលមានមនុស្សនៅជាប់ឃុំ ធ្វើយ៉ាងណាឲ្យសំណុំរឿងនេះទទួលបានការជំនុំជំរះក្តីឲ្យបានលឿន ប្រកបដោយុត្តិធម៌ តម្លាភាព និងបានចេញសាលក្រមឲ្យឆាប់រហ័ស។
លោកព្រះរាជអាជ្ញាបានស្នើឲ្យចៅក្រម ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី ទាំងអស់ ដែលបំពេញការងារទៅលើវិស័យយុត្តិធម៌ ត្រូវធ្វើការផ្អែកទៅលើក្រមសិ៍លធម៌ វិជ្ជាជីវៈ ដើម្បីជាប្រយោជន៍អង្គភាពជាពិសេសជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយប្រកាន់គោលជំហរ យុត្តិធម៌ និងមិនលំអៀង ពោលត្រូវចៀស ឱ្យផុតនូវទង្វើទាំងឡាយណាដែលប្រព្រឹត្តមិនគួរគម្បី នាំឱ្យប៉ះពាល់កិត្តិយសអង្គភាព ប៉ះពាល់សង្គម និង ធ្វើឱ្យប្រជាពលរដ្ឋ អស់ជំនឿទុកចិត្តទៅលើស្ថាប័នតុលាការ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ លោកព្រះរាជអាជ្ញា ក៏បានសម្រេចប្រគល់ការគ្រប់គ្រង និងថែរក្សាវត្ថុតាង ដែលកន្លងមកអយ្យការជាអ្នកគ្រប់គ្រង បច្ចុប្បន្ននេះ គឺបាន ប្រគល់ជូនលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងជាអ្នកគ្រប់គ្រងវិញ។
លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត ក៏បានផ្សព្វផ្សាយអំពីកិច្ចប្រជុំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅកិច្ចប្រជុំពិភាក្សាបន្ថែមជាមួយប្រធានតុលាការ និងព្រះរាជ អាជ្ញាទូទាំងប្រទេស អំពីស្ថានភាពអ្នកជាប់ឃុំដែលមិនទាន់បានជំនុំជម្រះ និងរកដំណោះស្រាយដើម្បី បង្កើនល្បឿនការជំនុំជម្រះអ្នកជាប់ពន្ធនាគារឲ្យកាន់តែមានប្រសិទ្ធភាព៕