រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារស្ដីពីការបង្កើតផ្លែតហ្វម ARDB Marketplace បន្ទាប់ពីក្រុមការងារបានកែសម្រួលស្របតាមយោបល់អង្គប្រជុំលើកមុន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លែតហ្វមមួយដែលត្រូវបានបង្កើតឡើង ដើម្បីដើរតួជាអន្តរការីទីផ្សារ ជួយកាត់បន្ថយគម្លាតនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយតភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់សំដៅជួយបង្កើតទីផ្សារ បង្កើនការផ្គត់ផ្គង់ និងរក្សាស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក។
នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ធនាគារ ARDB ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនដែលមានស្រាប់ក្នុង ARDB Marketplace ឱ្យមានភាពទាក់ទាញ និងងាយស្រួលប្រើប្រាស់ សម្រាប់បម្រើដល់អតិថិជន ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជឿនលឿនស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីសាធារណជនក្នុងនាមជាធនាគារគោលនយោបាយ។
មុននឹងបញ្ចប់កិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឱ្យក្រុមការងារពន្លឿនលើកិច្ចការងារនេះ ដោយធ្វើការតេស្តសាកល្បងឱ្យបានត្រឹមត្រូវ ដើម្បីអាចដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។
កិច្ចប្រជុំនេះបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB។












