ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះបានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញខ្សែច្រវាក់តម្លៃកសិកម្មក្នុងខេត្ត។
រួមដំណើរក្នុងជំនួបនោះមាន លោក ជិន ជ័យាបុត្រ ប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យកាហ្វេ នៃសមាគម និងជាប្រធានក្រុមហ៊ុនគិរីកាហ្វេ ព្រមទាំង លោក មិត្ត ប៊ុន សមាជិកសមាគម ក្រោមការសម្របសម្រួលពី លោក សៀក មុន្នី អភិបាលស្រុកអូរាំង និង លោក ប៊ូ សុភត្តិ លេខាធិការសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសក្តានុពលកសិកម្ម តំបន់ខ្ពង់រាប ជាពិសេសវិស័យកាហ្វេ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការគាំទ្រពេញទំហឹង និងបានជំរុញឱ្យក្រុមការងារចំពោះកិច្ចផ្នែកកាហ្វេ នៃសមាគមបណ្តាញកសិករតេជោ សហការជាមួយក្រុមហ៊ុន «គិរីកាហ្វេ» បង្កើនការប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានឱ្យអស់ពីលទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យពង្រឹងសមត្ថភាពផលិតកម្មឱ្យកាន់តែខ្លាំងក្លា ដើម្បីរុញច្រានផលិតផលកាហ្វេក្នុងស្រុកមួយនេះ ឱ្យក្លាយជាប្រេន (Brand) ឆ្នើមសម្គាល់អត្តសញ្ញាណតំណាងឱ្យខេត្តមណ្ឌលគិរី ក្នុងគោលដៅលើកកម្ពស់ជីវភាពសហគមន៍កសិករ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តប្រកបដោយចីរភាព៕