ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ​ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។

ការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោកចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុកបរិបូរណ៍ សរុបប្រមាណ ៣៨២រូប។

ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនដល់ប្រជាកសិករថា សមាគមបណ្តាញកសិករតេជោដែលបង្កើតឡើងក្នុងគោលបំណងទី១ ធ្វើជាស្ពានចំលងទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងជាអ្នកចម្លងសំឡេងពីកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ ទី២ ជាខែលការពារផ្លូវច្បាប់ដល់កសិករពីការកេងប្រវ័ញ្ច។

ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍នូវចំណុចគន្លឹះសំខាន់ៗ ដល់កសិករដែលគួរពិចារណា ជំរុញឱ្យបង្កើនការដាំដុះឆ្លាតវៃ ចេះគណនាថ្លៃដើម ដែលនាំទៅរកផលចំណេញច្រើន។ លើសពីនេះ ដើម្បីឱ្យការធ្វើកសិកម្មរបស់បងប្អូនកសិករទទួលបានប្រាក់ចំណេញខ្ពស់ និងមានចីរភាព ដោយសង្កត់ធ្ងន់លើការកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្ម ដោយការដាំដុះឆ្លាតវៃ និងត្រូវរកថ្លៃដើមឱ្យឃើញ។

សម្រាប់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែករំលែកព័ត៌មាន ចំណេះដឹង និងចំណេះធ្វើសំខាន់ៗ ពាក់ព័ន្ធនឹងយន្តការគាំទ្រ និងដំណោះស្រាយផ្សេងៗ ជូនដល់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ។