ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ការអញ្ជើញចុះពិនិតយរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយ ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ដែលក្នុងគោលដៅសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។

លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកកនុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមដូចជា លាមកគោ និងលាមកមាន់ ផ្ទាល់ពីបងប្អូនប្រជាកសិករនៅក្នុងតំបន់យកមកកែច្នៃធ្វើជាជីធម្មជាតិ សម្រាប់ដំណាំបន្ថែផ្សេងៗ ដែលមិនប៉ះពាល់ដល់សុខភាព។

បើតាមលោក ហួន សារ៉ាវុធ ប្រធានគ្រប់គ្រងក្រុមហ៊ុនផលិតជីធម្មជាតិសញ្ញាសេះក្រហម បានឱ្យដឹងថា សព្វថ្ងៃក្រុមហ៊ុនសេះក្រហម មានសមត្ថភាពផលិតជីធម្មជាតិ ៥០តោនក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះ ក្រុមហ៊ុន មានផែនការពង្រីកខ្លួនតាមរយៈការរៀបចំម៉ាស៊ីនផលិតជីបន្ថែមទៀត ដោយនៅក្នុងរយៈពេល ៣ខែខាងមុខទៀត នៅពេលដែលការដំឡើងឧបករណ៍ផលិតជីរួចរាល់ជាស្ថាពរ ក្រុមហ៊ុន នឹងបង្កើនសមត្ថភាពផលិតរហូតដល់ពី ១៥០តោន ទៅ ២០០តោន ក្នុងមួយថ្ងៃ។

បច្ចុប្បន្ន ផលិតផលជីធម្មជាតិរបស់ក្រុមហ៊ុនសញ្ញាសេះក្រហម មិនត្រឹមតែផ្គត់ផ្គង់ និងចែកចាយនៅក្នុងខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ។
សកម្មភាពផលិតកម្មនិងការកែច្នៃក្រុមហ៊ុនខាងលើមិនត្រឹមតែជួយកាត់បន្ថយការនាំចូលជីគីមីពីបរទេស និងជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ និងប្រភពចំណូលបន្ថែមជូនដល់កសិករតាមរយៈការប្រមូលទិញលាមកសត្វពីប្រជាកសិករ ដែលស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មបៃតង និងនិរន្តរភាពនៅកម្ពុជា៕