(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងមោទនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋបេឡារុសថាបានដើរតួនាទីយ៉ាងសំខាន់ដល់ការធ្វើពិពិធកម្មឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងជាអធិបតីភាពជាមួយ លោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មបេឡារុស ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងបេឡារុស ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទនិងសណ្ឋាគារសុខាសៀមរាបកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៩។
លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់វិនិយោគិនបេឡារុស តួយ៉ាងករណីជោគជ័យរបស់ក្រុមហ៊ុនផលិតត្រាក់ទ័រ«បេឡារុស-មេគង្គ» ដែលចាប់ផ្តើមពីទុន៤លានដុល្លារ និងបានកំពុងចែកចាយត្រាក់ទ័រគុណភាពខ្ពស់នៅលើទីផ្សារ និងផ្តល់ការងារជូនពលករខ្មែរជាច្រើននាក់។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នាលើវិស័យកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទេសចរណ៍ អប់រំ និងវិស័យផ្សេងទៀត ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដើម្បីបង្កើតផែនការសកម្មភាពថ្មីមួយ ដែលមានកំណត់បញ្ហាប្រឈមដែលត្រូវដោះស្រាយដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក ជេនណាឌី ស្វេឌ័រស្គី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបេឡារុស ក្នុងការបន្តជំរុញវិនិយោគ មកកាន់ប្រទេសកម្ពុជាលើវិស័យកសិកម្ម ឧស្សាហកម្ម សុខាភិបាលនិងបច្ចេកវិទ្យា ដើម្បីបង្កើតឱកាសការងារសម្រាប់ប្រជាជន និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជាជាមួយរាជរដ្ឋាភិបាល។
បន្ថែមលើនេះ លោក អនុរដ្ឋមន្ត្រីបេឡារុសក៏បានសន្យាជួយជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយបញ្ហាគម្លាតជំនាញនិងគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មធុនស្រាល និងធុនធ្ងន់ នៅក្នុងប្រទេសកម្ពុជាថែមទៀត។
សូមជម្រាបថាគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះគឺដើម្បីតាមដានវឌ្ឍនភាពការងារនៅក្រោមក្របខណ្ឌនៃកិច្ចព្រមពៀងឆ្នាំ២០១៤ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាសំដៅបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋបេឡារុសឱ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការលើកទី២បានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងមីនស្កនៃសាធារណរដ្ឋបេឡារុស។