ខេត្តបាត់ដំបង៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦នេះបានដឹកនាំគំ:ប្រតិភូដំណើរចុះពិនិត្យស្រែស្រូវនៅសហគមន៍កសិកម្មកំពង់ព្រៀង ខេត្តបាត់ដំបង។
ឧកញ៉ា សុង សារ៉ន បានមានប្រសាសន៍ថា «ថ្ងៃនេះ បានចុះពិនិត្យស្រែផលិតពូជស្រូវស្រងែក្រអូប SROB របស់សហគមន៍កសិកម្មកំពង់ព្រៀងស្រុកសង្កែ ខេត្តបាត់ដំបង។ស្រែនេះបានជួបប្រទះគ្រោះរាំងស្ងួត ដោយខ្វះទឹកអស់រយៈពេលជិត ៣០ ថ្ងៃ ដែលបណ្តាលឱ្យដំណាំស្រូវ ក្តៅឡើងពណ៌លឿង ដោយរងសម្ពាធពីការខ្វះទឹក»។
ប៉ុន្តែ បន្ទាប់ពីទទួលបានទឹកស្រោចស្រពវិញបានត្រឹមតែ មួយសប្តាហ៍ ស្រូវបានស្តារខ្លួនឡើងវិញយ៉ាងឆាប់រហ័ស ប្រែពីពណ៌លឿងមកជាពណ៌បៃតងវិញ និងបន្តលូតលាស់បានល្អ។ ខណៈដែលស្រែស្រូវនៅក្បែរនោះ នៅតែស្ថិតក្នុងដំណាក់កាលស្តារខ្លួនពីភាពរាំងស្ងួត។
ការចុះពិនិត្យនេះបានបង្ហាញពី សមត្ថភាពធន់នឹងភាពរាំងស្ងួត និងការស្តារខ្លួនបានលឿន របស់ពូជស្រូវក្រអូប SROB ដែលជាចំណុចសំខាន់សម្រាប់ការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ចំណូលរបស់កសិករកម្ពុជា។
នៅរសៀលថ្ងៃដដែលនោះ ឧកញ៉ា សុង សារ៉ន បានធ្វើដំណើរចុះពិនិត្យស្រែស្រូវកសិករដៃគូនិងបាននាំពាណិជកម្មពីប្រទេស អូស្រ្តាលី បានចុះពិនិត្យស្រែស្រូវក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា ជាមួយសហគមន៍កសិកម្មទំនើបម៉ោងឫស្សី ដែលកំពុងផលិតពូជស្រូវក្រអូប SKO1 និង SROB លើផ្ទៃដីសរុប ១,០០០ ហិកតា ដោយមានការចូលរួមពីកសិករជាង ១០០ គ្រួសារ គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែសីហាខាងមុខ។
ឧកញ៉ា សុង សារ៉ន បញ្ជាក់ថា«យើងបន្តធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការផលិតពូជស្រូវដែលមានគុណភាពខ្ពស់ បង្កើនប្រាក់ចំណូលដល់កសិករ និងពង្រឹងវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែរឹងមាំ។ យើងបន្តធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការផលិតពូជស្រូវដែលមានគុណភាពខ្ពស់ បង្កើនប្រាក់ចំណូលដល់កសិករ និងពង្រឹងវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែរឹងមាំ»។

