ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។

គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្នុងរាជធានីភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

សូមជម្រាបថា នៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០២៦ ការចុះធ្វើជំរឿន ធ្វើឡើងនៅអគារទីស្តីការក្រសួង និងអគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម ខណៈថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៕

#MLVT #HENGSour