ភ្នំពេញ៖នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦» នៅសណ្ឋាគារ ហៃយ៉ាត រីជែន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងថា កម្មវិធីបើកដំណើរការស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយដែលភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល អាជីវកម្ម វិនិយោគិន និងអ្នកច្នៃប្រឌិត ទាំងក្នុងនិងក្រៅប្រទេស។ ការប្រកាសបើកដំណើរការនៅថ្ងៃនេះ គឺជាការត្រួសត្រាយផ្លូវសម្រាប់ការតាំងពិព័រណ៍ពាណិជ្ជកម្មផ្លូវការ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦ រួមមាន ៖ ស៊េរីនៃការតាំងពិព័រណ៍អន្តរជាតិសម្រាប់វិស័យកសិកម្ម បសុសត្វ វារីវប្បកម្ម ចំណីសត្វ និងភេសជ្ជៈ សត្វចិញ្ចឹម ឱសថ ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពិសោធន៍ ការកែសម្ផស្ស និងឧស្សាហកម្មរបៀបរស់នៅ នៅកម្ពុជា ក្នុងខែសីហាខាងមុខនេះ នឹងដើរតួជាឈ្នាន់ដ៏ល្អមួយក្នុងការបង្កើតឱកាសឲ្យក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ អ្នកធុរកិច្ចក្នុងស្រុក និងអ្នកធុរកិច្ចអន្តរជាតិបានជួបគ្នា និងស្វែងរកទីផ្សារថ្មីៗនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ាន និងអន្តរជាតិ។
វិស័យកសិកម្មកម្ពុជាបាននឹងកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីការធ្វើកសិកម្មបែបប្រពៃណី ឆ្ពោះទៅរកវិស័យកសិកម្មបែបទំនើប ដែលធន់នឹងអាកាសធាតុ មានចីរភាព និងមានភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនៅក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក្រុមហ៊ុនជាតិនិងក្រុមហ៊ុនអន្តរជាតិ ដៃគូអភិវឌ្ឍន៍ អ្នកផលិត បន្តគាំទ្រ និងចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករ ពង្រឹងការផលិតតាមស្តងតាមរយៈការវិនិយោគពីវិស័យឯកជនក្នុងវិស័យកសិកម្មកាន់តែច្រើន៕
