ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយល្អ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងនោះ ទើបជម្រុញឲ្យអ្នកវិនិយោគផ្នែកវិស័យអចលនទ្រព្យហ៊ានបោះទុនវិនិយោគនៅកម្ពុជា ហើយជាក់ស្តែងកាលពីឆ្នាំ២០១៦រហូតដល់ឆ្នាំ២០១៩នេះ ក្រុមហ៊ុនលី ហួរ គ្រុបបានដាក់ចេញគម្រោងថ្មីរបស់ខ្លួនស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។
លោក ឩកញ៉ា លី ហូរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុបបានពន្យល់ថា« ដោយសារតែសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ ទើបក្រុមហ៊ុនលោកសម្រេចវិនិយោគលើអចលនទ្រព្យមួយគម្រោងទៀតស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយបច្ចុប្បន្នបានរៀបចំគម្រោងបន្ថែមទៀតអភិវឌ្ឍន៍សំណង់ផ្ទះវីឡា និងផ្ទះល្វែងគ្រប់ប្រភេទឆ្លើយតបតាមតម្រូវការរបស់អតិថិជនកម្ពុជាតែម្តង»។
លើសពីនេះអ្នកជំនួញខាងលើថា រហូតមកដល់បច្ចុប្បន្ននេះមានគម្រោងចំនួន ៥ ហើយដែលក្រុមហ៊ុនបានសាងសង់រួច ហើយគម្រោងទី៥ និងបន្តបន្ទាប់ទៀតបានលក់អស់ជិត៩០% ហើយ ការវិនិយោគអ្វីមួយសំខាន់គឺ ការសិក្សាពីតម្រូវការទីផ្សារឲ្យបានច្បាស់លាស់ ទើបធ្វើឲ្យទទួលបានជោគជ័យ។
អ្នកជំនួញនៅតែមានសុទិដ្ឋិនិយមថាក្រុមហ៊ុនកំពុងតែសិក្សាត្រៀមគម្រោងទី៦បន្តទៀតក្នុងការអភិវឌ្ឍន៍ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញដែលនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ នឹងវិនិយោគក្នុងទឹកប្រាក់រាប់លានដុល្លារអាមេរិក។
អ្នកជំនាញវិស័យអលនទ្រព្យបានបន្ថែមថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរឹងមាំហើយសម្រាប់ទីផ្សារកម្ពុជានៅរយៈពេល៥ឆ្នាំខាងមុខនេះ ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានកំណើនក្នុងរង្វង់៧%ប្រចាំឆ្នាំនឹងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អ និងលក្ខ័ណ្ឌច្បាប់វិនិយោគកម្ពុជាមានអំណោយផល សម្រាប់អ្នកវិនិយោគ។