បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះបានចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។
ពិធីនេះក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB ) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអោយមានការចុះកិច្ចសន្យានេះ។
កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមន៍បណ្តាញកសិករតេជោ ហេីយក័ជាអនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមន៍បណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ និងទីផ្សារស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងមានចីរភាព។
កិច្ចសន្យាកសិកម្មនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតទំនាក់ទំនង និងកិច្ចសហការដ៏រឹងមាំរវាង ក្រុមហ៊ុន អ្នកប្រមូលទិញ និងក្រុមកសិករ ដោយផ្តោតលើការផលិតស្រូវដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារ និងធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។
ជាមួយគ្នានេះ ភាគីទាំងអស់បានយល់ឃើញថា ការជឿទុកចិត្ត ភាពស្មោះត្រង់ និងការគោរពកិច្ចសន្យាទៅវិញទៅមក គឺជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់ការកសាងភាពជាដៃគូរយៈពេលវែង។ កសិករត្រូវខិតខំផលិតស្រូវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្តង់ដារដែលបានព្រមព្រៀង ខណៈភាគីអ្នកទិញ និងក្រុមហ៊ុនត្រូវមានភាពច្បាស់លាស់ក្នុងការទិញ ការកំណត់តម្លៃ ការប្រមូលទិញ និងការទូទាត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងតម្លាភាព។
ការពង្រឹងទំនាក់ទំនងរវាងភាគីទាំងអស់ មិនមែនមានត្រឹមតែការទិញ-លក់ស្រូវប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង ភាពជាដៃគូអាជីវកម្ម និងកសិកម្ម ដែលអាចចែករំលែកព័ត៌មាន បទពិសោធន៍ បច្ចេកទេស និងដំណោះស្រាយរួមគ្នា។
នៅពេលមានបញ្ហាប្រឈម ដូចជា បម្រែបម្រួលតម្លៃ ទិន្នផល គុណភាព ឬតម្រូវការទីផ្សារ ភាគីទាំងអស់គួររួមគ្នាពិភាក្សា និងស្វែងរកដំណោះស្រាយដោយស្មារតីយោគយល់ និងទទួលខុសត្រូវ។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន City Rice Import Export Co., Ltd. មានបំណងបន្តពង្រឹងទំនាក់ទំនងជាមួយកសិករ និងដៃគូពាក់ព័ន្ធ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវដែលមានប្រសិទ្ធភាព មានគុណភាព និងអាចប្រកួតប្រជែងបាន។
ទន្ទឹមនឹងនេះ ការផលិតស្រូវសែនក្រអូបដែលមានគុណភាពខ្ពស់ នឹងជួយបង្កើនតម្លៃផលិតផលកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនទំនុកចិត្តរបស់អតិថិជន និងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
ជាពិសេស ភាគីទាំងអស់មានសុឆន្ទៈក្នុងការរួមគ្នាអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ដោយផ្តោតលើ គុណភាព ប្រសិទ្ធភាព តម្លាភាព ភាពស្មោះត្រង់ និងផលប្រយោជន៍រួម។ ការរួមគ្នារបស់ក្រុមហ៊ុន កសិករ សហគមន៍ និងដៃគូពាក់ព័ន្ធ នឹងក្លាយជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់ស្រូវកម្ពុជាឱ្យមានតម្លៃបន្ថែម និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ។
