ក្រុមនិស្សិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី១ ឆ្នាំទី២ នៅវិទ្យាស្ថានស៊ីអ៊ីអូ សិក្សាស្រាវជ្រាវលើប្រធានបទផ្នែកគណនេយ្យ ដើម្បីគ្រប់គ្រងអាជីវកម្មទទួលបានជ័យលាភីលេខ១ ក្នុងចំណោម៦ ក្រុមផ្សេងទៀតលើការប្រកួតប្រជែងធ្វើកិច្ចការស្រាវជ្រាវជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារនៅក្នុងត្រីមាសទី២។
វិទ្យាស្ថានស៊ីអ៊ីអូបានរៀបចំឱ្យនិស្សិតប្រកួតប្រជែងសិក្សាស្រាវជ្រាវធ្វើកិច្ចការងារជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារជាក់ស្ដែងនៅតាមក្រុមហ៊ុនពីឆ្នាំទី២ ដល់ទី៤ ដោយបែងចែកការប្រកួតចំនួន៤ដងក្នុងមួយឆ្នាំ។
យោងតាមលទ្ធផលនៃការធ្វើបទបង្ហាញរបស់ក្រុមនីមួយៗកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ រកឃើញថា ក្រុមនិស្សិតស្រាវជ្រាវផ្នែកច្បាប់ និងពន្ធដារ ទទួលបានជ័យលាភីលេខ២ និងលេខ៣ បានទៅក្រុមសិក្សាសា្រវជ្រាវផ្នែកទីផ្សារ និងការលក់សម្រាប់ម្ចាស់អាជីវកម្ម។
ចំពោះការផ្តល់ពិន្ទុជូនក្រុមនីមួយៗ វិទ្យាស្ថានស៊ីអ៊ីអូបានកំណត់យកលក្ខខ័ណ្ឌ៤ ចំណុចសម្រាប់ធ្វើការវិនិច្ឆ័យ។ ទី១គឺការរៀបចំឯកសារធ្វើបង្ហាញពាក់ព័ន្ធទៅ នឹងប្រធានបទដែលធ្វើឱ្យអ្នកទស្សនាងាយយល់ ទី២ ភាពសហការគ្នារបស់សមាជិកក្រុម ទី៣ ភាពយល់ច្បាស់របស់សមាជិកក្រុមចំពោះខ្លឹមសារនៃប្រធានបទដែលត្រូវបង្ហាញឱ្យគេយល់ និងទី៤គឺការយកចិត្តទុក ឆ្លើយតបទៅនឹងសំណួររបស់ទស្សនិជន៕