ភ្នំពេញ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នឹងបញ្ជូនខ្លួន លោក ហែម បូរិទ្ធ អតីតពិធីករទូរទស្សន៍ និងបក្ខពួក៣នាក់ទៀត ទៅឲ្យតុលាការ ដើម្បីរៀបចំដាក់គុកពាក់ព័ន្ធករណីលក់គ្រឿងញៀនខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង២ និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានចាប់ខ្លួនមនុស្ស៤នាក់ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តមួយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង១គីឡូក្រាម។
នគរបាលបានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់នេះ គឺលោក ហែម បូរិទ្ធ ហៅឌីជេឡាយអិន អាយុ៣៣ ជាពិធីករទូរទស្សន៍ ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន, ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ ស៊ិន សម្ផស្ស ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលឈ្មោះនេះទើបតែចេញពីពន្ធនាគារ ពាក់ពន្ធករណីជួញដូរគ្រឿងញៀននាពេលកន្លងមក និងត្រូវជាក្មួយមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់។
ក្នុងប្រតិបត្តិការចាប់ខ្លួនេះ នគរបាលដកហូតបានថ្នាំមេតំហ្វេតាមីន(ICE) ទម្ងន់៣៧៤.៣៩ក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើនឹង៦០៩.៣៣ក្រាម, អាវុធខ្លី១ដើម ម៉ាកឡុក) និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៣ផងដែរ៕