ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធី App ព័ត៌មានតាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែកក្កដា ឆ្នាំ២០១៩ គឺបានទៅលើ លោក ចាន់ សុខជា ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្មវិធីAppព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មមានផ្ទុកនូវកម្រងសេវាសាធារណៈនិងសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួងដើម្បីផ្តល់ចំណេះដឹងស្តីពីការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។
ទន្ទឹមគ្នានេះសាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនងឬសាកសួរព័ត៌មានផ្សេងៗមកកាន់ក្រសួងពាណិជ្ជកម្មហើយមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធនឹងខិតខំឆ្លើយតបបញ្ហាឬធ្វើការបកស្រាយចម្ងល់ទាំងឡាយទៅតាមលទ្ធភាពជាក់ស្តែង។
លើសពីនេះលោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ធ្វើការដោនឡូត(ទាញយក)កម្មវិធីApp ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មទៅប្រើប្រាស់ឱ្យបានកាន់តែច្រើនដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។
សូមរំលឹកថា កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មានឱ្យបានទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រៅពីផ្តល់ព័ត៌មាន កម្មវិធីនេះបានកំពុងដើរតួជាស្ពាន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មផងដែរ។
ដើម្បីដោនឡូត ឬទាញយកកម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកប្រើប្រាស់ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Play Store (Android) ឬ App Store (IOS) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» បន្ទាប់មកចុចលើពាក្យ Install ជាការស្រេច។