ភ្នំពេញ៖ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះថា ការថយថុះភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្រុងអង្ករនៃខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំនេះ គឺមិនមែនបន្តោសលើក្រសួងទេសចរតែម្នាក់ឯងនោះទេ ពោលត្រូវតែមានការទទួលខុសត្រូវរួម ហើយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងស្ថាប័នផ្សេងៗក៏បានលើកពីបញ្ហានេះដែរ ដែលត្រូវតែរកដំណោះស្រាយរួមតែម្តង។
លោកបានថ្លែងទៀតថា ករណីនេះគួរតែជួបប្រជុំគ្នាអង្គុយលើតុមូលជជែកគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បី រកការពិត ហើយមិនត្រូវចោទប្រកាន់គ្នានោះទេ ដែលត្រូវមានការចូលរួមពីក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក សមាគមទេសចរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ដើម្បីយកចំណុចសំខាន់ៗ ដាក់លើតុដោះស្រាយទាំងអស់គ្នា។
សម្រាប់ប្រតិបត្តិករទេសចរបានទទួលស្គាល់ថា ការថយចុះភ្ញៀវទេសចរនណ៍អន្តរជាតិនៅរយៈពេល៦ ខែដើមឆ្នាំ២០១៩ នេះ ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មទេសចរក្នុងស្រុកវិញក៏រងផលប៉ះពាល់ខ្លះដែរ ហើយចំពោះ ដំណោះស្រាយ ដែលល្អនោះគឺ រួមគ្នាដោះស្រាយ ដើម្បីទាក់ទាញភ្ញៀវបន្ថែមទៀត។
ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ក្នុងវិស័យទេសចរមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នា ប៉ុន្តែបញ្ហាសំខាន់មុនគេ គឺសៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ភ្ញៀវមកទស្សនា កម្សាន្ត។
រយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរ ដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ថយចុះ ៨.២៩% ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងមក ដើម្បីទ្រទ្រង់កំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដែលមានក្រសួងទេសចរណ៍ជាប្រធាន ហើយច្ចុប្បន្នក្រុមការងារជំនាញបានកំពុងសិក្សារៀបចំផែនការមេនេះយ៉ាងសកម្ម។
ផែនការមេនេះនឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម និងការធ្វើសមាហរណកម្មជាមួយផែនការគ្រប់គ្រងតំបន់អង្គរ (TMP) របស់អាជ្ញាធរជាតិអប្សរាផងដែរ៕